ខេត្តមណ្ឌលគិរី ៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០បានអញ្ជើញចូលរួមលែងសត្វស្វាត្រោសចំនួន១ក្បាលឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។ នេះបើយោងតាមក្រសួងបរិស្ថាន។

សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រម៉ាញ់ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណ ដល់មន្រ្តីឧទ្យានុរក្សដែលបានសហការជាមួយមន្រ្តីល្បាតនៃអង្គការ WWF ដែលបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសបានអប់រំចំណេះដឹងបរិស្ថាន និងបានចូលរួមថែទាំសុខភាពសត្វព្រៃ ដែលដកហូតបានពីបទល្មើសធនធានធម្មជាតិ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនដោយស្ម័គ្រចិត្ត ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

លោកស្រីបានលើកទឹកចិត្តផងដែរឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារនិងបន្តពូជពង្សកូនសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងស្គាល់៕