រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ​លោក ផែង វណ្ណៈ បាន​ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​បំភ្លឺ​ជុំវិញ​បណ្ដឹង​របស់​លោក​ជំទាវ ឡោក ខេ​ង ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ។

តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ផែង វណ្ណៈ ដែល​ទើបតែ​បាន​បង្ហោះ​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ មុន​នេះ​បន្តិច​បាន​បង្ហោះ​ថា ៖ «​ខ្ញុំ​បាន​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ ។ បន្ទាប់​ពី​បានឃើញ​ពាក្យបណ្តឹង​របស់​លោក​ជំទាវ ឡោក ខេ​ង ទើប​ខ្ញុំ​ដឹង​ថា មាន​ពាក្យ​សំដី​ខ្ញុំ​ខ្លះ​និយាយ​លើស​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​លោក​ជំទាវ ។ ខ្ញុំ​នឹង​ធ្វើ​លិខិត​សុំ​ទោស​លោក​ជំទាវ ជា​សាធារណៈ នៅ​ថ្ងៃស្អែក​ចំពោះ​កំហុសឆ្គង​ខ្លះ​របស់ខ្ញុំ ។ សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា ដែល​បារម្ភ​ពី​ខ្ញុំ ខ្ញុំ​មិន​អី​ទេ​» ។

គួរ​រម្លឹក​ផង​ដែរ​ថា សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ុ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក ផែង វណ្ណៈ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង «​បណ្តឹង​របស់​លោកស្រី ឡោក ខេ​ង ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ដែល​ប្តឹង​លោក​ពី​បទ ញុះញង់​អោយ​មានការ​រើសអើង , បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ជេរ​ប្រមាថ​ជា​សាធារណៈ​» ។

ការ​ប្តឹង​នេះ កើត​ឡើយ​ក្រោយ​ពេល​លោក ផែង វណ្ណៈ បាន​ផ្សាយ​ព័ត៌មាន អំពី​ក្រុម​លួច​លក់​ដី​ប្រពល​រដ្ឋ​ទំហំ​ជាង​២​ហិ​កតា នៅ​ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ មេខ្លោង​លួច​លក់​ដី​ឈ្មោះ​ឡុ​ង ដា​រា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី ចាត់ការ​តាម​ផ្លូវច្បាប់ និង​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ ៕