ការ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុ​ស្ស៊ី​ដោយ​ក្រុង​អង់កា​រ៉ា ប្រទេស​ទួ​រ​គី ធ្វើ​ឲ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​សម្រេច​បណ្តេញ​ទួ​រ​គី​ចេញពី​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​យន្តហោះ​យន្តហោះ​ចម្បាំង F-35 និង​បាន​គម្រាម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​នេះ​ចំពោះ​ការ​ទិញ​អាវុធ​ការពារ​ដែល​ផលិត​ដោយ​រុ​ស្ស៊ី​ដែល​ជា​គូបដិបក្ខ​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

ដោយឡែក សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​បែរជា​ស្នើ​ច្បាប់​ដែល​អាច​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេ​រិក​​​ទិញ​ប្រព័ន្ធ​ការពារ S-400 ដែល​ផលិត​ដោយ​រុ​ស្ស៊ី​ពី​ប្រទេស​ទួ​ក​គី​វិញ ស្រប​ពេល​ដែល​កំពុង​​មាន​បញ្ហា​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​អង់កា​រ៉ា ជុំវិញ​បញ្ហា​ដែល​ទួ​ក​គី​ទិញ​ប្រព័ន្ធ​​ការពារ S-400 របស់​រុ​ស្ស៊ី​នេះ ។

សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​លោក ច​ន ថុ​ន ដែល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិ​ការពារ​ជាតិ​នៅ​ឆ្នាំ​២០២១ ដែល​អាច​អនុញ្ញាត​ឱ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទិញ​ឧបករណ៍​នេះ​តាម​រយៈ​ថវិការ​លទ្ធកម្ម​របស់​កងទ័ព​សហរដ្ឋអាមេរិក ។

ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ព្រឹទ្ធសភា​លោក Jim Risch បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ដ៏​តឹងរ៉ឹង​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋបាល​លោក ត្រាំ ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទួ​រ​គី ក្រោម​ច្បាប់​ស្តី​ពី «​ទណ្ឌកម្ម​លើស​ត្រូវ​ដែល​ប្រឆាំង​នឹង​អា​មេ​រិ​ក​» ដែល​ហៅ​កាត់​ថា «CAATSA» រយៈពេល​៣០​ថ្ងៃ បន្ទាប់​ពី​ច្បាប់ NDAA ត្រូវ​បាន​អនុម័ត ។

លោក Jim Townsend អតីតមន្ត្រី​មន្ទីរ​បញ្ច​កោណ​នៃ​តំបន់​អឺរ៉ុប និង​អង្គការ​ណា​តូ បាន​ថ្លែង​ថា ៖ «​ខ្ញុំ​គិត​ថា​សហរដ្ឋអាមេរិក​ទិញ​យក​ប្រព័ន្ធ​ការពារ S-400 ដែល​ផលិត​នៅ​រុ​ស្ស៊ី ពី​ប្រទេស​ទួ​រ​គី​វិញ គឺជា​វិធី​ដ៏​ឆ្លាត​វៃ​មួយ​ដើម្បី​អាច​ធ្វើ​ឲ្យ​ប្រទេស​ទួ​រ​គី​អាច​ចេញពី​ភាព​ជាប់​គាំង​របស់​ខ្លួន ។ យើង​គ្រាន់តែ​ចង់​យក​ប្រព័ន្ធ​ការពារ​មួយ​នេះ​ចេញពី​ប្រទេស​ទួ​រ​គី ហើយ​ប្រសិនបើ​វា​ជោគជ័យ វា​អាច​នឹង​ជួយ​ឲ្យ​ទួ​រ​គី​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទណ្ឌកម្ម​លើស​ត្រូវ​ដែល​ប្រឆាំង​នឹង​អា​មេ​រិ​ក ដែល​ហៅ​កាត់​ថា «CAATSA» នឹង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​ទិញ​ឧបករណ៍​ការពារ​សំខាន់​ៗ​ពី​ប្រទេស​រុ​ស្ស៊ី ។ ដោយសារ​តែ​ការ​ទិញ​ប្រព័ន្ធ​ការពារ S-400 ដែល​ផលិត​ដោយ​រុ​ស្ស៊ី​របស់​ប្រទេស​ទួ​រ​គី សហរដ្ឋអាមេរិក​បាន​គម្រាម​ដាក់​ទណ្ឌកម្ម​ប្រទេស​នេះ ហើយ​ថែម​ទាំង​បណ្តេញ​ប្រទេស​នេះ​ចេញពី​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​យន្តហោះ​ចម្បាំង F-35 របស់​ខ្លួន និង​ដាក់​សម្ពាធ​ទួ​រ​គី​ឱ្យ​បោះបង់​ចោល​ប្រព័ន្ធ​ការពារ S-400 របស់​រុ​ស្ស៊ី ដែល​ប្រទេស​ទួ​រ​គី​បាន​ទិញ​កាលពី​ឆ្នាំ ២០១៩ ។

តែ​ទោះជា​យ៉ាងណា​ក្តី លោក Recep Tayyip Erdogan ​ប្រធានាធិបតី នៃ​ប្រទេស​ទួ​រ​គី បាន​បដិសេធ​មិន​ធ្វើ​តាម​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​នោះ​ទេ ហើយ​បាន​ថ្លឹងថ្លែង​នូវ​លទ្ធភាព​នៃ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុ​ស្ស៊ី​លើ​ប្រព័ន្ធ​ការពារ S-400 បន្ត​ទៀត ទោះបីជា​មានការ​ពន្យារពេល​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​កូ​វី​ដ​១៩​ក៏​ដោយ ៕