រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ លោកផែង វណ្ណៈ លោកនឹងចូលបំភ្លឺនៅតុលាការ តាមកាលកំណត់តបតាមបណ្តឹងរបស់លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ផែង វណ្ណៈ ឲ្យចូលបំភ្លឺនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះ ដើម្បីសាកសួរពីដំណើររឿង «បណ្តឹងរបស់លោកស្រី ឡោក ខេង ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដែលប្តឹងលោកពីបទ ញុះញង់អោយមានការរើសអើង , បរិហារកេរ្តិ៍ជាសាធារណៈ និង បទ ជេរប្រមាថជាសាធារណៈ»។

ការប្តឹងនេះ កើតឡើយក្រោយពេលលោកផែង វណ្ណៈ បានផ្សាយព័ត៌មាន អំពីក្រុមលួចលក់ដីប្រពលរដ្ឋទំហំជាង២ហិកតារ នៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

មេខ្លោងលួចលក់ដីឈ្មោះឡុង ដារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានី ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ។
ជុំវិញនឹងករណីនេះ « KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕