បាងកក៖ បន្ទាប់ពីមិនមានករណីឆ្លង COVID-19 ថ្មី ក្នុងសហគមន៍ រយៈពេលជាង ៥សប្តាហ៍មកនេះ អាជ្ញាថៃ នឹងអនុញ្ញាតឲ្យបារ និងរង្គសាល បើកដំណើរការឡើងវិញ នៅថ្ងៃពុធ ទី០១ ខែកក្កដា ស្អែកនេះ ព្រមទាំងអនុញ្ញាតឱ្យជនប្រទេសខ្លះ ចូលមកក្នុងប្រទេសរបស់ខ្លួនឡើងវិញផងដែរ។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃចន្ទ ទី២៩ ឆ្នាំ២០២០។

លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង COVID-19 បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ថា៖ រង្គសាលបារ និងហាងខារ៉ាអូខេ អាចបើកដំណើរការ រហូតដល់ពាក់កណ្តាលយប់ ដរាបណាពួកគេគោរពតាមគោលការណ៍សុវត្ថិភាព ដូចជាការដាក់តុអង្គុយចន្លោះពីរម៉ែត្រពីគ្នាជាដើម ហើយថា ការពិសាគ្រឿងស្រវឹងអាចធ្វើឲ្យការគោរពវិន័យមិនបានខ្ជាប់ខ្ជួន ដូច្នេះហើយយើងនឹងធ្វើការតាមដានយ៉ាងដិតដល់បំផុត មុនពេលអតិថិជនចូលទៅកន្លែងដែលមានបម្រើគ្រឿងស្រវឹង។

លោកTaweesin បានបន្ថែមទៀតថា ជនបរទេសដែលកំពុងស្វែងរកការព្យាបាល នៅក្នុងប្រទេសថៃ ដូចជាជាការវះកាត់កែសម្ផស្ស ឬសម្ភព ក៏នឹងត្រូវអនុញ្ញាតឲ្យចូល ក្នុងប្រទេសដែរ ខណៈជនបរទេសណាដែលមានការអនុញ្ញាតការងារ ឬស្នាក់នៅ និងមានក្រុមគ្រួសារ នៅក្នុងប្រទេសថៃអាចធ្វើដំណើរចូលមកក្នុងប្រទេសនេះវិញបានដែរ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕