រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបុកជាមួយម៉ូតូ១គ្រឿងបណ្តាល​ឱ្យនារី​ម្នាក់ដែលគេស្គាល់ថាជាតារាហ្វេសប៊ុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតដែលជាអ្នកឌុបបានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនបន្តដំណើរគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១​និង​១០​នាទី​​យប់រំលង​អធា្រត្រ​ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ផ្លូវបំបែកជាបួន លើផ្លូវ៣១០កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។

នារីរងគ្រោះដែលបានស្លាប់នៅនឹងកន្លែងកើតហេតុនៅមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនៅឡើយដោយគ្រាន់តែដឹងថា នាងជាតារាហ្វេសប៊ុកមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ «Ah Jruy» មានវ័យ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ និងបុរសជាអ្នកឌុបបាន​រង​របួស​ត្រូវបានដឹកតាមរថយន្តសង្រ្គោះបន្ទាន់ទៅកាន់មន្ទីរពេទ្យឯកជនដើម្បីជួយសង្គ្រោះភ្លាមៗ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពាក់ផ្លាកលេខ ព្រះសីហនុ 1I-7873 គ្នាពីរនាក់រហូតទៅដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្ត១គ្រឿងបុកអូសម៉ូតូជាង៣០ម៉ែត្រ និងផ្លោងនារីរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសជាអ្នកឌុបបានរងរបួសបែកមុខបែកមាត់ ហើយរថយន្តបង្កក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ បច្ចុប្បន្នផ្នែកជំនាញបានធ្វើការវាស់វែងស្រាវជ្រាវរកក្រុមគ្រួសារ និងបន្តឆែកកាំមេរារកអត្តសញ្ញាណរថយន្តបង្កដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធី ៕