ខេត្តកំពង់ធំ ៖ ទីបំផុតប្តីដែលជាឃាតករចាក់សម្លាប់ប្រពន្ធនឹងកាំបិតស្នៀត​ចំទ្រូងខាងស្តាំ​​ពេលដែលកំពុងងូតទឹកបោកខោអាវបណ្តាលឲ្យស្លាប់ព្រោះតែភ្លើងប្រច័ណ្ឌ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយនៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះនៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុរូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្ដង ។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងបញ្ជូនជនសង្ស័យទៅកាន់រាជធានីភ្នំពេញទាំងយប់ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ។

គួររំលឹកផងដែរថា ជនរងគ្រោះជាប្រពន្ធឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រីឯជនសង្ស័យជាប្ដីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ ។ អំពើឃាតកម្មបណ្តាលឱ្យប្តីចាក់សម្លាប់ប្រពន្ធព្រោះតែភ្លើងប្រច័ណ្ឌនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕