ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ខណៈដែលកំពុងលាងសម្អាតថ្មមុនពេលយកទៅរៀបផ្គុំនៅទីតាំងដើមវិញនៅប្រាសាទទន្លេស្ងួត ស្រាប់តែបានប្រទះឃើញសិលាចារឹកភាសាសំស្ក្រឹតដែលចារនៅលើផ្ទាំងថ្មភក់ត្រូវបានគេយកទៅរៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាល នៃប្រាសាទទន្លេស្ងួត ។ សិលាចារឹកភាសាសំស្ក្រឹតនោះត្រូវបានអាជ្ញាធរយកទៅរក្សាទុកនៅទីស្នាក់ការនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។

តាមប្រភពលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ផ្ទាំងថ្មសិលាចារឹកជាភាសាសំស្ក្រឹតដែលក្រុមអ្នកជំនាញប្រទះឃើញនេះ អាចពុំមែនជារបស់ប្រាសាទទន្លេស្ងួតទេ តាមការសន្និដ្ឋានប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម ។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ ។

លោកបានបន្តថា ករណីនេះបានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងទៀតថា លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។

បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២ ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារនៅក្នុងសិលាចារឹកនេះទេ គឺត្រូវការពេលវេលាដើម្បីឱ្យអ្នកជំនាញប្រែសម្រួលពីភាសាសំស្ក្រឹត ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយឱ្យយើងដឹងអំពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យាដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរនៅក្នុងតំបន់នេះ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៨ គ.ស.) ៕