រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារលិខិត​ជូន​មហា​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​នា​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

ខ្លឹមសារ​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ទៅ​កាន់​ស្ថាប័ន​ធំ​ៗ​សំខាន់​ដូច​ជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បន្ត និង​បង្កើន​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងនោះ​បន្ត​ពង្រឹង​ការ​អនុវត្ត «​ផែនការ​ភូមិ ស គ្មាន​គ្រឿងញៀន​» ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​ប្រមូល​ព័ត៌មាន ដែល​អាច​ឈាន​ទៅ​ដល់​ការ​ទប់ស្កាត់​និង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ហើយ​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ការ​ជួញដូរ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ផ្ទៃ​ប្រទេស ៕