ទីបំផុត​ក្រុម​ហង្ស​ក្រហម Liverpool បាន​ចារ​ឈ្មោះ​នៅ​លើ​ពានរង្វាន់​លី​គ​កំពូល English Premier League កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ក្រុម​មេឃ​ខៀវ Manchester City បាន​ចាញ់​ក្រុម​តោ​ខៀវ Chelsea ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Stamford Bridge ក្រោយ​ពី​ខកខាន​អស់​រយៈពេល​៣០​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Goal ដែល​បាន​ចេញផ្សាយ ។

តាម​រយៈ​ព័ត៌មាន​ពី​គេហទំព័រ Goal បាន​ចេញផ្សាយ​ថា ម្ចាស់​ជើងឯក​លី​គ​កំ​ពូ​ង​អង់គ្លេស​រដូវ​កាល​នេះ (Liverpool) ទទួល​បាន​ប្រាក់​រង្វាន់​ជា​ទឹក​ប្រមាណ​១៨២​លាន​ដុល្លារ បន្ថែម​ពីលើ​មេដាយមាស​ចំនួន​៤៥​គ្រឿង និង​ពាន English Premier League ប្រចាំ​ព្រឹត្តិការណ៍​១​ទៀត បន្ទាប់​ពី​ចំណាយពេល​ប្រកួត​ជិត​៩​ខែ វិល​ជុំ​សន្សំ​ពិន្ទុ​ចាប់ពី​ខែសីហា​ដល់​ខែឧសភា​ជា​រឿង​រាល់​ឆ្នាំ ។

ទឹកប្រាក់​ទាំងនេះ​ប្រមូល​បាន​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ – TV money និង​ពី​បណ្តាញ​ទូរទស្សន៍​នានា​ដែល​បាន​ចូលរួម​ទិញ​សិទ្ធិ​ផ្ទាល់ និង​បន្ត​ផ្ទាល់​ទៅ​កាន់​ពិភពលោក ដែល​ត្រូវ​យក​ចែក​ជូន​ទៅ​តាម​ចំណាត់ថ្នាក់​ចុង​ក្រោយ​នៃ​ក្លិប​នីមួយ​ៗ បន្ទាប់​ពី​បិទ​រដូវ​កាល​ទាំងស្រុង ។ សូម​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ទឹកប្រាក់​ខាងលើ​នេះ មិន​រាប់​បញ្ចូល​ថ្លៃ​លក់​សំបុត្រ​ប្រចាំ​ស​ប្តា​ហ៍ និង​ដៃគូ​សហប្រតិបត្តិការ​រវាង​ក្លិប​នោះ​ឡើយ ៕