រាជធានី​ភ្នំពេញ ៖ លោក តាំង គី​ម​សួរ ដែល​ជា​បុគ្គល​មួយ​រូប​តែងតែ​ឈឺឆ្អាល​ចំពោះ​បញ្ហា​សង្គម ហើយ​ក៏​ជា​អ្នក​ដែល​ស្រលាញ់​ធម្មជាតិ​ក៏​ដូច​ជា​ព្រៃឈើ និង​ចូល​ចិត្ត​ធ្វើ​ដំណើរ​បែប​ផ្សងព្រេង​បោះ​តង់​តាម​ព្រៃ​ភ្នំ​ជាដើម នៅ​វេលា​ម៉ោង​២​និង​២៣​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​លោក​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹង រួម​ជាមួយ​សំ​ណេ​រថា លោក​យក​ជីវិត​មក​ដាក់ ប្រកាស​ធ្វើសង្គ្រាម​ជាមួយ​ឈ្មួញ​ឈើ និង​មន្ត្រី​ឃុបឃិត​បទល្មើស​ព្រៃឈើ ។

តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក តាំង គី​ម​សួរ បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​យក​ជីវិត​របស់ខ្ញុំ​មក​ដាក់ ខ្ញុំ​សូម​ប្រកាស​ធ្វើសង្គ្រាម​ជាមួយ​ឈ្មួញ​ឈើ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​មានការ​ឃុបឃិត​ជាមួយ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ឳ​រ៉ា​ល់​ចាប់ពី​ពេល​នេះ​ទៅ​✋✋✋ តើ​មាន​អ្នក​ណា​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ជាមួយ​គ្នា​ទេ?» ។

ក្រោយ​ពី​លោក​បាន​បង្ហោះ​រូបភាព​ជាមួយ​សំ​ណេ​រ​សម្បថ​បែប​នេះ​រួច​មក មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​មានការ​ពេញចិត្ត និង​ចែករំលែក​បន្ត​ក៏​ដូច​ជា​ចូលរួម​ជា​មតិយោបល់ (Comment) គាំទ្រ​ក្នុង​ការ​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​ឱ​រ៉ា​ល់ និង​តំបន់​ដទៃ​ទៀត​ផង​ដែរ ៕