ភ្នំពេញ៖ មុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសារមួយមានចំណងជើងថា៖ ព្រះសង្ឃគ្មានសិទ្ធិចេញស្លាកលេខរថយន្ដទេ !
នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវចាក់អង្រែ ខ្ញុំឃើញមានរថយន្ដមួយគ្រឿង ពាក់ស្លាកលេខ ខេត្តសៀមរាប វត្តកងជុំ ហៅវត្តអង្គរខ្មៅ គឺជារថយន្តអំណោយរបស់លោក ម៉ី រតនាវរៈសកក្កដា ម្ចាស់សណ្ឋាគារ សម្បត្តិរាជអង្គរ ប្រគេនព្រះសង្ឃនៅវត្តកងជុំ ។

តាមពិតទៅ រថយន្ត ពាក់ស្លាកលេខនេះ គឺ មិនត្រឹមត្រូវតាមច្បាប់ទេ ព្រះសង្ឃដែលទទួលបាន ព្រះរាជអំណោយនេះ គួរតែយករថយន្តទៅចុះបញ្ជីធ្វើស្លាកលេខត្រឹមត្រូវនៅមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តសៀមរាប ដើម្បីប្រើប្រាស់ត្រឹមត្រូវតាមច្បាប់ ។

ការបំពាក់ស្លាកលេខដែលគូរដោយខ្លួនឯង គឺ ប្រៀបបាននឹងប្រើប្រាស់ស្លាកលេខក្លែងក្លាយដូច្នេះដែរ ។ មានតែក្រសួងសាធារណការ និង ដឹកជញ្ជូន ប៉ុណ្ណោះ ដែលមានសិទ្ធិចេញស្លាកលេខ ប្រើប្រាស់ទូទៅ ។ លើកលែងតែ ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ មានសិទ្ធិចេញស្លាកលេខ ខម សំរាប់អង្គភាពទ័ព និងលេខ នប សំរាប់ អង្គភាពនគរបាល ។
កន្លងមក ព្រះសង្ឃប្រើប្រាស់ស្លាកលេខក្លែងក្លាយ ត្រូវបានសមត្ថកិច្ចឃាត់អប់រំ ណែនាំ ជាបន្តបន្ទាប់ តែព្រះសង្ឃមួយចំនួនតូច នៅតែបំពានដោយអាងអំណាចស្បង់ចីពរ ៕