ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ–១៩ដោយណាហ្គាវើលដ៍នឹងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ទៀត ។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ជែលលាងដៃ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿងដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។

លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍កំពុងរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ–១៩ ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១.០០០ ឈុត។ ឧបករណ៍និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រសួងសុខាភិបាលប្រឆាំងនឹងមេរោគកូវីដ–១៩។
លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ ៥២.០០០ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ–១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសម្ភារបង្ការមេរោគកូវីដ–១៩ ដល់ស្ថាប័នរដ្ឋផ្សេងទៀតផងដែររួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ការឧបត្ថម្ភទាំងនេះសរុបមានម៉ាស់មុខ៤០.០០០ សន្លឹក ជែលលាងដៃ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ។

លោក Pern Chen បានបញ្ជាក់ថា “យើងសង្ឃឹមថា ការឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រ និងសម្ភាររបស់យើងដល់ក្រសួងសុខាភិបាល នឹងចូលរួមជួយដល់ការប្រយុទ្ធនឹងមេរោគកូវីដ–១៩ និងការពារប្រជាជនយើងឲ្យមានសុវត្ថិភាព”។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលសម្ភារទាំងនេះដោយផ្ទាល់ពីលោក Pern Chen ។លោកស្រី បានមានប្រសាសន៍ថា “យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនមានទំនួលខុសត្រូវគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ–១៩។ យើងក៏វាយតម្លៃខ្ពស់ផងដែរចំពោះការឧបត្ថម្ភកុំព្យូទ័រយួរដៃដើម្បីឲ្យមន្ត្រីរបស់យើងអាចប្រើប្រាស់ដើម្បីប្រមូលរបាយការណ៍ធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។ ការឧបត្ថម្ភនៃជែលលាងដៃ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់ប្រជាជន និងសហគមន៍របស់យើងនៅក្នុងស្ថានភាពដ៏លំបាកនេះផងដែរ” ៕