ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម WBC កីឡាករប្រដាល់ Wanheng Menayothin ដែលបានប្រកួតចំនួន ៥៤ ឈ្នះទាំង៥៤ប្រកួត និងផ្តួលគូប្រកួតឲ្យសន្លប់បាន១៨ដង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលដែលកីឡាកររូបនេះប្រកាសចូលនិវត្តន៍ពីកីឡាប្រដាល់តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន boxingscene​ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០​ ។

កីឡាករប្រដាល់ថៃមាឌល្អិតចិត្តធំរូបនេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនៅពេលដែលកំណត់ត្រាឈ្នះរបស់គេចាប់ផ្តើមកៀកជិតនឹងការប្រកួតមិនដែលចាញ់របស់ស្តេចប្រដាល់អាមេរិក Floyd Mayweather ដែលមានចំនួន៥០ប្រកួតមិនដែលចាញ់ ក្រោយពីបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៧ ។

Wanheng Menayothin ដែលជាកីឡាករថៃបានបំបែកកំណត់ត្រាជាផ្លូវការរបស់ Floyd Mayweather តាំងពីខែសីហា ឆ្នាំ២០១៨ មកម៉្លេះនៅពេលដែលកីឡាកររូបនេះឈ្នះការប្រកួតទី៥១របស់ខ្លួនលើកីឡាករ Pedro Taduran ប៉ុន្តែនៅពេលនោះកីឡាករថៃរូបនេះនៅមិនទាន់ប្រកាសចូលនិវត្តន៍នៅឡើយនោះទេ ។ ខណៈ​ដែល​ការ​ប្រកាស​ចូល​និវត្តន៍​កន្លង​ទៅថ្មីៗនេះ ​ Wanheng Menayothin មាន​កំណត់ត្រា​ឈ្នះ​៥៤​ប្រកួត​បាត់ទៅហើយ គឺ​ល្មម​សម្រាប់​បញ្ចប់​ភាព​អស្ចារ្យ​របស់​អ្នក​ប្រដាល់​អាមេរិក​ Floyd Mayweather បាន​ហើយក្នុងនាមជាកីឡាករចូលនិវត្តន៍ដែលប្រកួតមិនដែលចាញ់ ។

Wanheng Menayothin ​ទើប​តែ​វ័យ​៣៤​ឆ្នាំ​ប៉ុណ្ណោះបានបញ្ជាក់ពីមូលហេតុដែលរូបគេប្រកាសចូលនិវត្តន៍ថា ៖ «ខ្ញុំបានសំរេចថាវាល្អក្នុងការបញ្ឈប់កីឡាប្រដាល់។ ឪពុកម្តាយនិងបងប្អូនរបស់ខ្ញុំមិនដែលចូលក្នុងវិស័យប្រដាល់ទេ។ ខ្ញុំសំរេចចិត្តគ្រប់យ៉ាងដោយខ្លួនឯង។ ខ្ញុំដឹងថាខ្ញុំមានអារម្មណ៍យ៉ាងម៉េច។ គ្មាននរណាម្នាក់ស្គាល់រាងកាយរបស់ខ្ញុំដូចខ្ញុំទេ។ មនុស្សគ្រប់គ្នាត្រូវការប្រាក់។ ប៉ុន្តែខ្ញុំចង់ជាសះស្បើយរាងកាយខ្ញុំសូមអបអរសាទរដល់អ្នករាល់គ្នាដែលគាំទ្រខ្ញុំ។ សូមអរគុណចំពោះកម្លាំងទាំងអស់ដែលអ្នកតែងតែផ្តល់ឱ្យខ្ញុំ»​៕