ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ស៊ើបអង្កេត​រក​រោគរាតត្បាត​នៅ​មជ្ឈមណ្ឌល​អាហារ​បោះ​ដុំ Xinfadi​ ជា​កន្លែង​ផ្ទុកទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ធំ​ៗ​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ឧស្សាហ៍​ទៅ​ទិញ​គ្រឿង​សមុទ្រ​ងាយ​ឆ្លង​វីរុស​កូ​វី​ដ​១៩​បំផុត​នៅ​ទីនោះ និង​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​តូប​លក់​សាច់​គោ និង​តូប​លក់​សាច់​ចៀម ជា​កន្លែង​ជាប់​ចំណាត់ថ្នាក់​លេខ​២​សម្រាប់​ចម្លង​កូ​វី​ដ​១៩ ។

លោក Wu Zunyou ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បង្ការ​ជំងឺឆ្លង​រាតត្បាត នៃ​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ បាន​និយាយ​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា ៖«​យើង​បាន​វិភាគ​ពីសកម្មភាព​របស់​អ្នក​ដែល​ឆ្លង​មេរោគ ។ យើង​បាន​រក​ឃើញ​ថា មនុស្ស​ដែល​ទៅ​ទិញ​អាហារ​សមុទ្រ​ងាយ​ឆ្លង​វីរុស​កូ​វី​ដ​១៩​ច្រើន​ជាង​អ្នក​ដទៃ​ទៀត ។ យើង​បាន​យក​សំណាក​គំរូ​ជា​ច្រើន​ពី​ផ្សារ​ដើម្បី​ធ្វើតេស្ត ។ បន្ទាប់​ពី​ធ្វើការ​វិភាគ​លទ្ធផល​យើង​បាន​រក​ឃើញ​ថា កន្លែង​ដែល​មាន​មេរោគ​ច្រើន​ជាងគេ​គឺ​សាល​ដែល​មាន​ផលិតផល​អាហារ​សមុទ្រ​» ។

ចំណែកឯ​សាច់សត្វ​ដែល​បាន​តាំង​លក់​នៅ​ក្នុង​សាល​ជាមួយ​គ្នា​នឹង​ផ្នែក​លក់​អាហារ​សមុទ្រ​ដែល​មាន​ដូច​ជា តូប​លក់​សាច់​គោ និង​តូប​លក់​សាច់​ចៀម ជាប់​ចំណាត់ថ្នាក់​លេខ​២​ដែល​ជា​កន្លែង​ងាយ​ឆ្លង​កូ​វី​ដ​១៩ ។ អ្នកជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​របស់​ចិន​បាន​និយាយ​ថា ថ្មី​ត្បិត​តែ​កន្លែង​លក់​ទាំងនោះ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ក្តី ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​មេរោគ​រាតត្បាត​មួយ​នេះ​រលាយ​បាន​ឡើយ ។

លោក Wu Zunyou បាន​បកស្រាយ​ថា ៖«​កាលនោះ​យើង​សង្ស័យ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​នៅ​ក្នុង​ផ្សារ​អាហារ​សមុទ្រ វូ​ហាន គឺ​ទាក់ទង​ទៅ​នឹង​សត្វ ។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​យើង​នៅ​ក្នុង​ផ្សារ​ប៉េ​កាំ​ង​បាន​នាំ​យើង​ត្រឡប់​ទៅ វូ​ហាន វិញ និង​ផ្តល់​ទិស​ថ្មី​មួយ​សម្រាប់​ការ​ដោះស្រាយ​ច​ម្ង​ល់​នៃ​ការ​ផ្ទុះ​មេរោគ​នៅ វូ​ហាន »​។

ប្រទេស​ចិន​បាន​បញ្ឈប់​ការ​នាំ​ចូល ត្រី​សាល់​ម៉ុង ពី​អឺរ៉ុប​នៅ​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​មាន​ករណី​ថ្មី​នៃ​កូ​វី​ដ​១៩​ចំនួន​ជាង ១០០ ករណី​ត្រូវ​បាន​គេ​រាយការណ៍​ថា​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ។ អ្នក​ឆ្លង​មេរោគ​ភាគច្រើន​គឺ​ជាប់​ទាក់ទង​នឹង​ផ្សារ Xinfadi ដែល​ជំរុញ​ឱ្យ​មានការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់​ការ​នាំ​ចូល​ត្រី​សាល់​ម៉ុង​ជា​បន្ទាន់ ៕

អត្ថបទ ៖ សំណាង