ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីបានចូលរួមពិធីមង្គលការគេរួចក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញតែត្រូវបានគេប្រទះឃើញដួលសន្លប់តាមផ្លូវ ដោយហេតុតែបាត់ប្តីយូរពេកប្រពន្ធបានទូរស័ព្ទសួរបងប្អូននៅកន្លែងមង្គលការត្រូវបានគេប្រាប់ថា បានចេញទៅផ្ទះវិញហើយក៏បាននាំគ្នាចេញដើររកស្រាប់តែឃើញដេកសន្លប់ស្តូកស្តឹងតាមដងផ្លូវចម្ងាយប្រហែល៣០០ម៉ែត្រពីផ្ទះ ។ ហេតុការណ៍នេះផងដែរបានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវក្នុងភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ពៅ ពេជ្រ អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តដឹកទឹក និងជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនបុរីមួយ មានទីលំនៅក្នុងភូមិភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯប្រពន្ធឈ្មោះ គង់ សីហា អាយុ៣៦ឆ្នាំ និងមានកូនស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារដោយកូនស្រីច្បងអាយុ៧ឆ្នាំ និងកូនស្រីពៅអាយុទើបតែ៣ឆ្នាំកន្លះ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក FZ ចេញពីពិធីមង្គលការមួយនៅភូមិទួលក្រសាំងរួចក៏បានត្រឡប់ទៅផ្ទះវិញ លុះទៅដល់កន្លែងកើតហេតុស្រាប់តែបានដួលសន្លប់តាមផ្លូវតែម្តង ។ ចំណែកឯស្ត្រីជាប្រពន្ធដែលនៅផ្ទះទន្ទឹងរងចាំផ្លូវប្តីដោយហេតុតែបាត់ប្តីយូរពេកមិនឃើញត្រឡប់មកផ្ទះវិញក៏បានទូរស័ព្ទសួរនាំអ្នកដែលនៅកន្លែងមង្គលការតែត្រូវគេប្រាប់ថា ប្តីរបស់ខ្លួនបានចេញពីពិធីមង្គលការត្រឡប់ទៅផ្ទះវិញហើយ ។

តាមប្រភពបានឲ្យដឹងទៀតថា ក្រោយពីបានឮដូច្នេះក៏បាននាំគ្នាចេញដើររករហូតដល់វេលាម៉ោង១១និង០០នាទីយប់ក៏បានប្រទះឃើញប្តីរបស់ខ្លួនដេកដួលសន្លប់ស្តូកស្តឹង និងមានស្នាមរបួសក្បាល ផ្ទៃមុខ មានទាំងហូរឈាម រីឯម៉ូតូរងការខូចខាតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ ។

បន្ទាប់មកប្រពន្ធបានដឹកប្តីតាមម៉ូតូសណ្តោងរទេះរុញឆ្លងតាមទូកដ (ទូកចម្លង) មកត្រើយខាងលិច ហើយនគរបាលក្រុងតាខ្មៅក៏បានជួយយករថយ​ន្តសឺរ៉េនរបស់សមត្ថកិច្ចដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅដើម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតក្រោយពេលដែលទៅដល់មន្ទីរពេទ្យ ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕