(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីកូវីដ១៩ នៅលើខ្លួនជនជាតិខ្មែរ២រូបទៀត ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីប្រកាស បានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូរីដ១៩ថ្មី ចំនួន ០២នាក់នោះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអាស័យដ្ឋាននៅខេត្តកំពង់ចាម ហើយអ្នកទាំងពីរ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

បើតាមការកត់សម្គាល់របស់ក្រសួងសុខាភិបាល, ជើងហោះហើរជាមួយនឹងជនជាតិខ្មែរទាំង២ខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។ អ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលបុគ្គល រស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នក ដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត។

រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២៨ករណី ក្នុងនោះមាន១២៥នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺ៣នាក់ ដែលកំពុងសម្រាកព្យាបាលនោះ មានជនជាតិខ្មែរ១នាក់ ដែលទើបវិលត្រឡប់ពីប្រទេសហ្វីលីពីន និងជនជាតិខ្មែរ២នាក់ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនេះតែម្តង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖