រាជធានីភ្នំពេញ ៖ Dj Nana ដែលល្បីឈ្មោះបោះសម្លេងពូកែវោហាសព្ទដោះស្រាយបញ្ហាតាមរយៈការជួយដោះស្រាយវិបត្តិស្នេហា និងជាអ្នកនិពន្ធមួយរូបផងនោះ ពេលនេះអ្នកនាងបានជួបទុក្ខជាទម្ងន់ដោយលោកប៉ារបស់អ្នកនាងបានទទួលមរណភាពហើយកាលពីវេលាម៉ោង ៧និង១៨នាទីព្រឹក ដោយសារតែជំងឺរលាកស្រោមខួរ ។ នេះបើតាមប្រភពហ្វេសប៊ុកផ្លូវការរបស់អ្នកនាងឈ្មោះ Dj NanaTipsបានបង្ហោះកាលពីវេលាម៉ោង៨និង៤៧នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ ។

តាមប្រភព Dj Nana បានឱ្យដឹងថា ៖«ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧និង១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម» ។

ក្នុងនោះផងដែរ មានមហាជនជាច្រើនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ Dj Nana និងក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារក៏ដូចជាអ្នកមានគុណរបស់ខ្លួននេះផងដែរ ៕

អត្ថបទដោយ ៖ សំណាង