សិល្បៈ៖ ក្រោយពីស្ងប់ស្ងាត់ចេញបទចម្រៀងមួយរយៈធំរួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ តារាពហុជំនាញលោក សុខ ដែន បានចេញនូវបទចម្រៀងមួយបទបែបញាក់កន្ត្រាក់អារម្មណ៍ដែលមានចំណងជើងថា «១ខែសេដ៣០ថ្ងៃ» ហើយបទនេះផងដែរ ក៏បានចេញជា MV ហើយ ។

ទស្សនិកជនពិតជាបានជ្រាបច្បាស់ហើយថា​ លោក សុខ​ ដែល មិនមែនមានសមត្ថភាពត្រឹមតែសម្ដែងខារ៉ាអូខេ និងភាពយន្តប៉ុណ្ណោះទេ លោកក៏មានសមត្ថភាពខ្ពស់ខាងដឹកនាំសម្ដែង និងផ្នែកចម្រៀង ជាក់ស្ដែងកន្លងៗមក​លោកតែងតែចេញបទចម្រៀងផ្ទាល់ខ្លួនបានជាច្រើនបទមកហើយ ហើយបទចម្រៀងទាំងនោះក៏មានជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ផងដែរ ។

និយាយពីមូលហេតុដែលស្ងប់ស្ងាត់មួយរយៈធំនូវការចេញបទចម្រៀង លោក សុខ ដែន បានឲ្យដឹងថា តាមពិតលោកមិនមានចេតនាផ្អាកចេញបទចម្រៀងឡើយ​ ដោយសារតែកាលពីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ម្ចាស់ស្ប៉នស័រទាំងអស់របស់លោក បានសុំផ្អាកទៅវិញ ដោយសារតែវបត្តិកូវីដ១៩ ដែលជាធម្មតាថ្ងៃបុណ្យចូលឆ្នាំថ្មីគឺជា ឱកាសដែលលោកកើបលុយតាមរយៈខនសឺត ក៏ដូចជាធ្វើ MV ផ្ទាល់ខ្លួន ផងដែរ ។ លោក សុខ ដែន បានបង្ហើបថា លោកបានខាតបង់លុយជាច្រើនខ្ទង់ពាន់ដុល្លារ ដូច្នេះហើយទើបមិនបានចេញបទចម្រៀង ។

យ៉ាងណាមិញ ដើម្បីកុំឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំយូរ លោកក៏បានធ្វើបទចម្រៀងមួយបទនេះឡើង ដែលនិយាយពីបុរសម្នាក់ខូចចិត្តដោយសារស្នេហាជាប្រចាំថ្ងៃ ហើយអ្វីដែលជាចំណុចប្លែកនៃបទចម្រៀងមួយបទនេះ គឺជាក់ស្ដែងជាបទចម្រៀងនិយាយពីការឈឺចាប់ ខូចចិត្ត ដោយសារស្នេហា តែអ្នកនិពន្ធបានយកមកដាក់នៅក្នុងសាច់ភ្លេងបែបញាក់កន្ត្រាក់អារម្មណ៍ទៅវិញ ។

ចង់ដឹងថា​បទ «១ខែសេដ៣០ថ្ងៃ» មានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះ ៖