រាជធានី​ភ្នំពេញ​៖ កាលពីព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ កីឡាការិនី​តៃ​ក្វា​ន់​ដូ​ជើង​ខ្លាំង ស៊ន សៀវ​ម៉ី បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​គូស្នេហ៍​តាម​ប្រពៃណី ដោយ​មានការ​ដឹង​ឮ​ពី​ចាស់ទុំ​ទាំង​សងខាង ។ តាម​រយៈ​រូបថតដែល​គេ​បង្ហោះ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​មុន​នេះ​បន្តិច គេ​ឃើញ​កីឡាការិនី​តៃ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី បាន​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​កូនកំលោះ​រូប​សង្ហា ឈ្មោះ កែវ ដេ​វិត ដោយ​មាន​ចាស់ទុំ​ទាំង​សងខាង និង​មិត្តភក្ដិ​ចូលរួម​យ៉ាង​អធិកអធម ។

ក្រោយ​ពី​ដំណឹង និង​រូបភាព​របស់​កញ្ញា ស៊ន សៀវ​ម៉ី និង​គូ​ដណ្តឹង​បាន​ភ្ជាប់ពាក្យ​រួច​មក​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​បញ្ចេញមតិ​លើ​បណ្តាល​សង្គម​យ៉ាងច្រើន​បារម្ភ​ខ្លាច​ថា ពេល​មាន​បញ្ហា​ក្រោយ​រៀប​ការ​ក្នុង​នាម​ជា​អ្នកចេះ​ក្បាច់គុន​វ៉ែ​ទាត់​ធាក់​អ៊ីចឹង​តើ សៀវ ម៉ី នឹង​រំសាយកំហឹង​ដូច​ម្ដេច​ចំពោះ​ស្វាមី​ពេល​ខឹង​ប្ដី​ម្ដង​ៗ​?

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ កីឡាការិនី​ជើង​ខ្លាំង​តៃ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី បាន​ប្រាប់​ឱ្យ​ដឹង​ថា នាងក៏បានឃើញការបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងសំណួរនេះដែរ ដោយនាង និងគូដណ្តឹងក៏បានអស់សំណើច ហើយនាងថា ប្រើកម្លាំងបាយតែក្នុងការប្រកួតកីឡាទេ តែក្នុងគ្រួសារនាងមិនប្រើកម្លាំងបាយទេ ៕