រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់កាសែត និងបុរសជាសន្តិសុខដែលជាមិត្តភក្តិ និងគ្នាបានផឹកស៊ីជាមួយគ្នារហូតស្រវឹងក៏នាំគ្នាដេកលង់លក់ ។ លុះដល់ពេលភ្ញាក់ឡើងដឹងខ្លួនចោរលួចម៉ូតូយកទៅបាត់ក៏បាននាំគ្នាជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកបែរជាមិនឃើញមនុស្ស ឃើញតែស្នាក់ការប៉ុស្តិ៍ សង្ស័យចោរមកលួចប៉ូលិសយកទៅបាត់អស់ដូចចោរលួចម៉ូតូខ្លួនដែរ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២នេះ នៅចំណុច​ជាប់របងសណ្ឋាគារកុងទីណង់តាល់ តាមបណ្ដោយផ្លូវលេខ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ជនរងគ្រោះឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់កាសែតនៅផ្សារដើមគ មានស្រុកកំណើតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណ ត្រូវចោរលួចយកទៅទាំងអស់ ។

បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានមកលេងមិត្តភក្តិធ្វើសន្តិសុខនៅកន្លែងកើតហេតុខាងលើ ហើយផឹកស្រាបៀរជុំគ្នាសប្បាយម្ដង ពេលផឹកចប់រួចរាល់គាត់ក៏នាំគ្នាលើកម៉ូតូយកទៅដាក់នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម រួចនាំគ្នាដេក​លង់​លក់ទៅ ។ លុះភ្ញាក់ឡើងស្រាប់តែបាត់ម៉ូតូចោរលួចទៅបាត់ពួកក៏ជិះម៉ូតូឌុបបំណងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ទំនប់ទឹក ។

ពេលទៅដល់មុខប៉ុស្តិ៍ គាត់ស្រែកហៅប៉ូលិសខ្លាំងៗ អស់រយៈពេលកន្លះម៉ោង មិនឃើញប៉ូលិសនៅក្នុងប៉ុស្តិ៍សូម្បីតែម្នាក់ (សង្ស័យ​ចោរមកលួចប៉ូលិស យកទៅបាត់អស់ ដូចចោរលួចម៉ូតូខ្លួនដែរ) គាត់ក៏ត្រឡប់មករកអ្នកសារព័ត៌មានឲ្យជួយជូនគាត់ទៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលទំនប់ទឹក ជាលើកទី២ហើយបានស្រែកហៅមួយសន្ទុះក៏ឃើញលោកមេប៉ុស្តិ៍ស្លៀកខោខ្លីចេញមកសួរនាំរួចឱ្យគាត់ចូលក្នុងដាក់ពាក្យបណ្ដឹង ។ ប៉ុន្តែដោយឃើញភាពយីតយ៉ាវរបស់សមត្ថកិច្ចបែបនេះរូបគាត់ហាក់ដូចជាមិនខុសពីសង្ឃឹមមេឃសង្ឃឹមផ្កាយនោះឡើយ ។

ករណីនេះមតិខ្លះលើកឡើងថា ជនរងគ្រោះផឹកស៊ីជាមួយមិត្តភក្តិធ្វើដល់សន្តិសុខ មិនចេះប្រុងប្រយ័ត្ននៅតែឲ្យចោរលួចយកម៉ូតូទៅបាត់ បែរជាមកដៀមដាមថា ឃើញភាពយីតយ៉ាវរបស់សមត្ថកិច្ចបែបនេះ រូបគាត់ហាក់ដូចជាមិនខុសពីសង្ឃឹមមេឃសង្ឃឹមផ្កាយ ទៅវិញ៕