ភ្នំពេញ៖ អ្នកមេម៉ាយចាយរាង កូនមួយ សុខ សោម៉ាវត្តី បានភ្ជាប់ទំនាក់ទំនងក្នុងថានៈជាសង្សារជាមួយតារាបាល់ទាត់ លី វ៉ាហេទ អស់រយៈពេលជាច្រើនឆ្នាំហើយនោះ ទើបតែនៅថ្ងៃខួបកំណើតសង្សារបណ្តូលចិត្តថ្មីៗនេះ តារាស្រីរូបនេះបានបង្ហើបថានាងមានគម្រោងចូលរោងការនៅឆ្នាំក្រោយ។

នៅថ្ងៃខួបកំណើតសង្សារបណ្តូលចិត្ត សុខ សោម៉ាវត្តី បានបង្ហាញរូបថតកៀកកើយ សារជូនពរ និងភាសាស្នេហ៍ផ្អែមល្ហែមលើសទឹកឃ្មុំទៅទៀត ពិសេសនាងបានបង្ហើបឲ្យដឹងថា នាងមានដំណឹងល្អនៅឆ្នាំក្រោយនេះហើយ ពោលគឺការផ្លាស់ប្តូរពាក្យថាសង្សារ ទៅជាប្តីប្រពន្ធពេញមុខទៅវិញ។ តែនាងមិនទាន់អាចកំណត់ឲ្យបានជាក់លាក់អំពីថ្ងៃ និងខែ ដែលត្រូវចូលរោងការនៅឆ្នាំក្រោយនោះបាននៅឡើយទេ ។

រាស្រីមេម៉ាយចាយសម្រស់រូបនេះ បានបញ្ជាក់ថា ស្នេហារវាងនាងជាមួយគូស្នេហ៍វ័យក្មេង កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ និងផ្តល់ក្តីសុខខ្លាំងក្នុងជីវិតនាង។

សុខ សោម៉ាវត្តី បានសម្រេចរៀបចំពិធីមង្គលការយ៉ាងគគ្រឹកគគ្រេងជាមួយលោក ទូច ដាណារ៉ា ហៅ ពេជ្រ (សព្វថ្ងៃជាស្នងការងខេត្តរតនគិរី) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១២ ដោយទទួលបានចំណងដៃកូនស្រីឈ្មោះ ទូចណារ៉ាសោម៉ារី ហៅ ចាស្មីន វ័យ៧ឆ្នាំ។ នាងបានបែកបាក់ស្វាមីនៅពាក់កណ្តាលឆ្នាំ២០១៥ ។ លុះដល់ឆ្នាំ២០១៦ នាងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយតារាបាល់ទាត់ លី វ៉ាហេទ បន្ទាប់ពីពួកគេបានសម្តែងភាពយន្តរឿងរួមគ្នាមួយ រឿង”ខូចចិត្តអាជីព” របស់ផលិតកម្ម រ៉ុក ៕