ស្រាវជ្រាវដោយឈឹម សេរីភួន ៖ នៅក្នុងអំឡុងឆ្នាំ១៩៤៨ និង១៩៤៩ មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានឯកភាពគ្នាសាងសង់មហាចេតិយដ៏ធំស្កឹមស្កៃមួយ ដើម្បីជាការរំលឹកដល់វីរភាពរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលពួកគេចាត់ទុកថា ជាបិតាលិទ្ធិប្រជាធិបតេយ្យ និងជាវីរជនរបស់ពួកគេ ដោយពួកគេលេងនឹកនាដល់ឈ្មោះសឹង ង៉ុកថាញ់ ដែលពីមុនពួកគេចាត់ទុកថាជាអ្នកជាតិនិយមគ្មានពីរត្រូវបារាំងបញ្ជូនយកទៅឃុំខ្លួននៅប្រទេសបារាំងនោះ សូម្បីបន្តិចឡើយ។

មហាចេតិយដ៏ធំស្កឹមស្កៃ ដែលពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យ គ្រោងសាងសង់ដើម្បីតំកល់អដ្ឋិធាតុរបស់ទ្រង់ស៊ីសុវត្តិ យុត្តិវង្ស (អតីតប្រធានគណបក្សប្រជាធិបតេយ្យ) នៅលើកំពូលភ្នំព្រះរាជទ្រព្យនៅឧត្តុង្គ ដែលជាទឹកដីកំណើតរបស់ទ្រង់យុត្តិវង្ស នោះ មានទំហំធំជាងព្រះចេតិយរបស់ព្រះបរមសពព្រះមហាក្សត្រនរោត្តម , ធំជាងព្រះចេតិយរបស់ព្រះបរមសពព្រះមហាក្សត្រស៊ីសុវត្ថិ និងធំជាងព្រះចេតិយរបស់ព្រះបរមសពព្រះមហាក្សត្រមុនីវង្ស ទៅទៀត ហើយត្រូវចំណាយលុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ តើលុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ បានមកពីណា?។

ពេលនោះ ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្គាល់ថា ដោយសារគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនលើសលប់នៅក្នុងរដ្ឋសភា ពួកគេអនុម័តយកថវិកាជាតិជាច្រើន ដើម្បីយកទៅសាងសង់មហាចេតិយដ៏ធំស្កឹមស្កៃនោះ នៅតែមិនគ្រប់គ្រាន់ទៀត ពួកគេបានការអំពាវនាវដល់សប្បុរសជនដែលជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ឲ្យជួយចូលថវិកាបន្ថែមទៀតយ៉ាងណា ក៏នៅមិនអាចប្រមូលថវិកាបានគ្រប់គ្រាន់យកមកកសាងមហាចេតិយនោះបានដែរ។ នៅទីបំផុត រដ្ឋសភាដែលមានតំណាងភាគច្រើនលើសលប់មកពីគណបក្សប្រជាធិបតេយ្យ ក៏បាននាំគ្នាអនុម័តបង្កើតច្បាប់មួយដោយតម្រូវឲ្យប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ត្រូវបង់វិភាគទានក្នុងមួយខ្នងផ្ទះ ចំនួន ៥ហ្វ្រង់ (លុយបារាំង)ដើម្បីយកមកសាងសង់មហាចេតិយនោះ ហើយបើទោះបីជាសមាជិកសភាមកពីគណបក្សប្រឆាំងតូចៗទាំងពីរ គឺគណបក្សសេរីភាព និងគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន នាំគ្នាប្រឆាំងជំទាស់យ៉ាងណា ក៍មិនឈ្នះសមាជិកសភាភាគច្រើនលើសលប់មកពីគណបក្សប្រជាធិបតេយ្យ បានដែរ។

នៅនៅក្នុងអំឡុងឆ្នាំ១៩៤៨ និង១៩៤៩នោះ ប្រជារាស្រ្តខ្មែរសរុបទាំងអស់ មានចំនួនប្រមាណ ៥លាននាក់ ដូច្នេះប្រាក់ដែលគណបក្សប្រជាធិបតេយ្យ តម្រូវឲ្យបង់វិភាគទានក្នុងមួយខ្នងផ្ទះ ចំនួន ៥ហ្វ្រង់ (លុយបារាំង) ដើម្បីយកមកសាងសង់មហាចេតិយនោះ យ៉ាងហោចណាស់ក៏បានប្រមូលបានចំនួនរាប់លានស្រង់ដែរ ប៉ុន្តែជាមួយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ ពួកគេបានត្រឹមតែសាងសង់ចេតិយមានទំហំមួយតូចប៉ុណ្ណោះ សម្រាប់តម្កល់អដ្ឋិធាតុរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ធ្វើឲ្យអ្នកចូលរួមវិភាគទានទាំងប៉ុន្មាននាំគ្នាខកចិត្តយ៉ាងខ្លាំង ប៉ុន្តែបើមើលទៅគណនីនៅក្នុងធនាគាររបស់ប្រធាន និងសមាជិកទាំងឡាយរបស់គណៈកម្មការសាងសង់វិមានចេតិយនោះ បែរជាកើនឡើងក្នុងម្នាក់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅវិញ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅក្នុងឆ្នាំ១៩១៣ នៅអតីតវាំងចាស់នៅឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទ្រង់ជារាជបុត្រារបស់ព្រះអង្គម្ចាស់ចម្រើន វង្ស (១៨៧០-១៩១៦) និងម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ យប់ហ៊ីផាន (១៨៧៧-១៩៦៧) ។ ទ្រង់បានទៅរស់នៅប្រទេសបារាំង រយៈពេល១៥ឆ្នាំ និងបានប្រឡងជាប់សញ្ញាបត្រថ្នាក់បណ្ឌិតគណិតវិទ្យា នៅឆ្នាំ ១៩៤១ ។

ទ្រង់មានមហេសី ឈ្មោះ Dominique Lavergne ជាជនជាតិបារាំង និងជាសកម្មជននៃគណបក្សសង្គមនិយមបារាំង (SFIO)។ ទ្រង់ យុត្តិវង្ស បានវិលត្រឡប់មកមាតុប្រទេសវិញ នៅក្នុងខែមិថុនា ១៩៤៦ និងបានរួមគ្នាជាមួយលោក ស៊ឹម វ៉ា, ឈាន វ៉ន, អៀវ កើស បង្កើតគណបក្សប្រជាធិបតេយ្យ នៅខែមេសា ឆ្នាំ១៩៤៦ ហើយទ្រង់ត្រូវបានតែងតាំងជាប្រធានគណបក្ស នេះ ។

ក្រោយពេលគណបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតដ៍ច្រើនលើសលប់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ ទទួលបានអាសនៈ ចំនួន៥០អាសនៈ លើ៦៧អាសនៈ នៅក្នុងសភាមក ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានតែ៦-៧ខែ ស្រាប់តែទ្រង់ធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ធ្ងរ ហើយបើទោះបីគ្រូពេទ្យជំនាញៗព្យាយាមព្យាបាលអស់ពីសមត្ថភាពយ៉ាងណា នៅតែមិនអាចជួយសង្គ្រោះព្រះជន្មទ្រង់បានដែរ ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៧ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ក្នុងព្រះជន្មាយុ ៣៤ព្រះវស្សា ។

ទោះបីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយសារជំងឺរបេង ក៍ពិតមែន តែមន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះ បានចាត់ទុកថា នេះជាអំពើឃាតកម្មនយោបាយដែរ ៕