ប្រទេស​ប្រេ​ស៊ី​ល​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ច្រើន​បំផុត​ក្នុង​១​ថ្ងៃ ។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន ស៊ី​ន​ហួរ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ។

ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ថ្មី​នេះ​បាន​កើនឡើង​សរុប​ដល់ ២៣៤៧៣ នាក់ បន្ទាប់​ពី​មាន​អ្នក​ស្លាប់​ចំនួន ៨០៧ នាក់​ក្នុង​មួយ​ថ្ងៃ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៦៤៦​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ទៅ ១.៦៦២.៧៦៨ នាក់ និង​មាន​អ្នក​ស្លាប់​ជិត ១០០.០០០ នាក់​គិត​ត្រឹម​ថ្ងៃ​ចន្ទ ។

សម្រាប់​ប្រទេស​ប្រេ​ស៊ី​ល​ចំនួន​ប្រជាជន​សរុប​ដែល​បាន​ធ្វើតេស្ត៍​វិជ្ជមាន​សម្រាប់​ជំងឺ​នេះ​បាន​ឈាន​ដល់ ៣៧៤.៨៩៨ នាក់​ដែល​មាន​អត្រា​មរណភាព ៦,៣ ភាគរយ​នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​។ ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១១.៦៨៧ នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ខណៈ​ដែល​មនុស្ស​សរុប​ចំនួន ១៥៣.៨៣៣ នាក់​បានជា​សះស្បើយ​ចាប់តាំងពី​ការ​រាតត្បាត​រាលដាល​ដល់​ប្រេ​ស៊ី​ល ៕

ប្រភព ៖ Xinhua