​វៀតណាម៖ យោងតាមការសែត Hanoitimes របស់វៀតណាមដែលបានចុះផ្សាយកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ នេះបានឲ្យដឹងថា មានការសែតធំៗរបស់ជប៉ុនជាច្រើនដូចជា Asahi, Kyodo, Nikkei…បាននិយាយថា មន្ត្រីសាធារណៈវៀតណាមមួយចំនួនបានទទួលសំណូកជាទឹកប្រាក់សរុប ២៥លានយ៉េន (២៣២,០០០ដុល្លារ) ពីសាខានៃក្រុមហ៊ុនមួយឈ្មោះថា Tenma ដែលជាក្រុមហ៊ុនមានមូលដ្ឋានគ្រឹះនៅក្នុងប្រទេសជប៉ុន ។

កាសែត Asahi បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី ១២ ខែឧសភា ដោយមានខ្លឹមសារថា តំណាងក្រុមហ៊ុន Tenma ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្លាស្ទិក​បានសារភាពទៅកាន់ព្រះរាជអាជ្ញាក្រុងតូក្យូថា​ ក្រុមហ៊ុនរបស់ខ្លួនបានឲ្យប្រាក់មួយចំនួនទៅកាន់ក្រុមមន្ត្រីសាធារណៈរបស់វៀតណាម តាមរយៈសាខាក្រុមហ៊ុន Tenma កំពុងឈរជើងនៅសួនឧស្សាហកម្ម Que Vo ខេត្ត Bac Ninh ប្រទេសវៀតណាម ។

សកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាអំពើរំលោភលើច្បាប់ការពារ និងការប្រកួតប្រជែងមិនស្មោះត្រង់របស់ជប៉ុន​ ព្រោះក្រុមហ៊ុននេះមានគោលបំណងធានាថាអាជ្ញាធរមូលដ្ឋាននឹងដកហូតពន្ធអាករលើតម្លៃបន្ថែមរបស់វៀតណាមដែលមានតម្លៃ ៤០០ ពាន់លានដុង (១,៧១៧ លានដុល្លារ) ពីវត្ថុធាតុដើមនាំចូល។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានចាត់វិធានការ ដោយចាត់តាំងក្រុមមន្ត្រីពាក់ព័ន្ធបញ្ជាក់ជាបន្ទាន់នូវព័ត៌មានដែលក្រុមហ៊ុនជប៉ុនសូកប៉ាន់លុយ ២៥ លានយ៉េនដល់មន្ត្រីវៀតណាមមួយចំនួន ថាជាការពិតដែរឬយ៉ាងណា ហើយប្រសិនបើជាការពិតមែន ក្រុមមន្ត្រីទាំងនោះនឹងត្រូវឲ្យច្បាប់អនុវត្តយ៉ាងតឹងរឹងជាទីបំផុត ។

ពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី ២៦ ឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានស្នើសុំប្រធានមន្ទីរពន្ធដារ និងអគ្គនាយកដ្ឋានគយ ត្រូវផ្អាកការងាររយៈពេល ១៥ ថ្ងៃ​ ដើម្បីសហការជាមួយ ក្រុមត្រួតពិនិត្យពន្ធ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរពន្ធដារ និងការិយាល័យគយខេត្ត Bac Ninh បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើតក្រុមការងារត្រួតពិនិត្យពន្ធ ទៅលើសាខាក្រុមហ៊ុន Tenma ក្នុងប្រទេសវៀតណាម ហើយមិនយូរប៉ុន្មានអគ្គនាយកដ្ឋានគយ បានសម្រេចផ្អាកការងារប្រធានគយខេត្ត Bac Ninh និងមនុស្សពាក់ព័ន្ធមួយចំនួន រយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃទី ២៧ ឧសភា ។

បុគ្គលិកនៃការិយាល័យគយខេត្ត Bac Ninh ត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីផ្តោតលើការបម្រើដល់ក្រុមអធិការកិច្ចក្រសួងហិរញ្ញវត្ថុ និងពិនិត្យឡើងវិញដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវ ជាមួយសាខាក្រុមហ៊ុនជប៉ុនខាងលើ ៕
ប្រភព៖ zingnews, hanoitimes