រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ភ្នំ​ប្រាំពីរ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ពេល​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ប្រាំពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​មាត្រា​២ នៃ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ប្រាំពីរ របស់​រាជរដ្ឋាភិបាល គឺ​មាន​គោលបំណង​ដូច​តទៅ ៖

-​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់
-​កម្រិត​ដល់​ការ​ប្រើប្រាស់​ធនធាន​ជីវៈចម្រុះ ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​នៃ​តំបន់​នេះ
-​ការពារ​សោភណភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ​សម្រាប់​បម្រើ​ដល់​ការ​កម្សាន្ត ការ​ទស្សនា ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​នៅ​ក្នុង​មូលដ្ឋាន
-​ផ្តល់​សេវាកម្ម​ធម្មជាតិ និង​វប្បធម៌​សម្រាប់​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព
-​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង ការ​ការពារ និង​ការ​អភិរក្ស​ជីវៈចម្រុះ ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់ ។

ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ប្រាំពីរ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តបាត់ដំបង និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន ៕