ភ្នំពេញ ៖ ថ្មីៗនេះ លោកផែង វណ្ណៈ បានឡាយវីដេអូថា តារា Tik Tok សុខា សុខា ជាតារាសំរាមកាកសំណល់ ។ តារាមិនដឹងមកពីណា គ្មានជំនាញ ហើយអត់ចេះចូលតួ។ បើគ្រាន់តែជាតារានិយាយលើ Tik Tok ក៏ក្លាយជាតួដែរនោះ សិល្បៈច្បាស់ជាកាន់តែធ្លាក់ចុះ។ ម៉េចក៏មិនរកសិស្សសាលាចេញពីសិល្បៈ ដែលមានជំនាញពិតប្រាកដ ហៅមកថត ដើម្បីអោយពួកគាត់មានទឹកចិត្ត ចាំបាច់អីតែពួកលើបណ្តាញសង្គមហ្វេសប៊ុកនោះ។ សួរថាអ្នកណាអោយតម្លៃ បើម្លឹងៗ គេមិនគាំទ្រ ថាគេហ្នឹងមិនចេះលើកស្ទួយ។

ក្រោយពីបានឃើញការឡាយវីដេអូខាងលើនេះ តារាសម្ដែងអ៊ឹម ជីវ៉ា ដែលជាអ្នកដឹកដៃតារា Tik Tok សុខា សុខា ចូលក្នុងវិស័យសិល្បៈ ឆ្លើយតបទៅលោកផែង វណ្ណៈ វិញទាំងកំហឹងថា៖ «ប្រាប់ម៉ាសៀ ពាក់វ៉ែនតាផង កុំមកដៀលសិល្បៈ បើថាគេកាកសំណល់ ឬសំរាម អ្នកនិយាយនោះអន់ជាងសម្រាម។ ខ្ញុំមានហេតុផល មិនមែនចេះតែនឹកឃើញយក សុខា មកថតទេ ដោយសារតែឃើញគ្នា ធាតុពិតអត់មែន។ គ្នាលើកដៃសំពះចង់ថត គ្រាន់បានលុយទិញអង្ករច្រកឆ្នាំង។ សុខា មានសតិអារម្មណ៍មិនប្រក្រតី វិបត្តិផ្លូវចិត្ត ទើបខ្ញុំមើលថែរជួយអោយបានការងារធ្វើ… »។

លោកអ៊ឹម ជីវ៉ា បានបន្តថា លោកមិនមែនចង់ល្បីអីទេ ប្រហែលជាមានកម្ម ទើបចេះតែទើសអ្នកអត់ អ្នកក្រ។ លោកមិនបានទៅចាប់ដៃគេ មកLike មកស៊ែរឯណា ។ លោកកុំមកដៀលគេ សំរាម កាកសំណល់ ហើយបើទោះជា ខ្ញុំអ៊ឹម ជីវ៉ាអត់ស្លាប់ ក៏មិនទៅសុំអង្ករ លុយ៥ពាន់រៀលពីលោកដែរ។ លេងកុំខឹង បើខឹងកុំលេង ចាស់ចេះដឹងគឺគោរព តែបើមកខុសទិសលែងទៅវិញអត់ខ្លាច។ បើខ្ញុំខុស កែខ្ញុំ ឆាត មកឬផ្ញើសារតាមតេឡេក្រាម អោយយោបល់នោះទើបល្អ។ តែនេះពួយ Live ថាអោយពេញហ្នឹង សួរថា ទាំងនេះឬអ្នកចេះដឹង?

ជាមួយគ្នានេះ តារាសម្ដែងអ៊ឹម ជីវ៉ា បានឡាយវីដេអូគំរាមវ៉ៃក្បាលលោកផែង វណ្ណៈ នឹងវែកឆាផងដែរ។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោកផែង វណ្ណៈ ក៍បានបង្ហោះសារមួយថា៖ ព្រឹកម៉ិញLive គំរាមវ៉ៃក្បាលខ្ញុំនឹងវែកឆា យប់នេះគ្រាន់តែខ្ញុំក្អកបន្តិចភ័យស្លន់ស្លោរកប៉ូលីសជួយ ហាស់ ហា ! ។

ជាមួយគ្នានេះ លោកផែង វណ្ណៈ បានឡាយវីដេអូថ្មីមួយទៀត ដោយដាក់ចំណងជើងថា៖ ជូន ក្មេងពាលអ៊ឹម ជីវ៉ា…(សូមទស្សនាវីដេអូ)។

ពិសេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ទំនងចង់ឌឺទៅតារាសម្ដែងអ៊ឹម ជីវ៉ា ដែលជាអ្នកដឹកដៃតារា Tik Tok សុខា សុខា ចូលក្នុងវិស័យសិល្បៈនោះ លោកផែង វណ្ណៈ បានបង្ហោះសារមួយថា៖
ដំណឹងជ្រើសរើសតារាសំដែង បន្ទាន់ ! ដើម្បីរួមចំណែកលើកកំពស់វិស័យសិល្បៈ និងដើម្បីសង្គ្រោះ មនុស្សឆ្កួត សង្គ្រោះចោរលួច ចោរប្លន់ ចោរឆក់ មុខសញ្ញាគ្រឿងញៀន សមាគមសិល្បៈប្រចាំភូមិយើងខ្ញុំ ត្រូវការជ្រើសរើសតារាសំដែងច្រើននាក់ ដែលមានសមាសភាពជា មនុស្សឆ្កួត ជាមនុស្សមិនគ្រប់ទឹក ជាចោរលួច ចោរឆក់ ចោរប្លន់ និង មុខសញ្ញាគ្រឿងញៀន ។ ល ។ ចំពោះសិស្ស និស្សិត ដែលរៀនផ្នែកសិល្បៈ យើងខ្ញុំមិនត្រូវការទេ ។ បើចាប់អារម្មណ៍ សូមទាក់ទងមកលេខ 0i0 សូមអរគុណ ! ៕