រាជធានីភ្នំពេញ៖ សម្បុកល្បែងដុះស្លែនៅស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាបហើយ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០
ដោយចាប់ខ្លួនព្រាយល្បែងជិត៥០នាក់ និងវត្ថុតាងមួយចំនួនយកទៅចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបល្បែងស៊ីសងនេះ ធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ស ថេត ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងស៊ីងប្រមាណជិត 50នាក់ និងម៉ូតូមួយចំនួនទៀតរបស់អ្នកចូលទៅលេង និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត យកទៅចាត់ការតាមផ្លូវច្បាប់៕