ប៉ាគីស្ថាន៖ សារព័ត៌មាន AP បានផ្សាយថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់ក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ ក្នុងចំណោមមនុស្ស១០៧នាក់នៅលើយន្តហោះ មានមនុស្ស២នាក់បានរួចផុតពីសេចក្តីស្លាប់ ហើយអ្នកដំណើរពីរនាក់នៅមានជីវិតនោះ ក៏មានលោក Zafar Masud ដែលតួនាទីជាប្រធានធនាគារ Punjab (BOP) ម្នាក់ផងដែរ ។

នេះបើតាមសារព័ត៌មាន AP បានចុះផ្សាយនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីប្រកាសរបស់ធនាគារ BOP នៅលើបណ្តាញសង្គម Twitter ថា ប្រធានធនាគារ Zafar Masud មានភព្វសំណាងបានរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃទី២២ ខែឧសភានោះ ។ នៅពេលនេះ លោក Zafar Masud កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមានមន្ត្រីក្នុងតំបន់ទៅសួរសុខទុក្ខផងដែរ ។

ក្រៅពីប្រធានធនាគារខាងលើ នៅមានអ្នកដំណើរម្នាក់ទៀតឈ្មោះ Mohd Zubair ក៏នៅមានជីវិតផងដែរ ក្នុងគ្រោះថ្នាក់ដ៏រន្ធត់ខាងលើ។
មុនពេលកើតហេតុ យន្តហោះដែលមានអ្នកដំណើរ៩៩នាក់ និងក្រុមអាកាសយានិក៨នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋាន ការាជី។

ក្នុងពេលគ្រោះថ្នាក់នេះកើតឡើង អភិបាលក្រុង ការ៉ាជី បានប្រកាសថា អ្នកដំណើរនៅលើយន្តហោះទាំងអស់ អាចនឹងស្លាប់ ក្រោយយន្តហោះផ្ទុះឆេះខ្ទេចបែបនេះ។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ អាជ្ញាធរកំពុងបើកការស្រាវជ្រាវ៕