ខេត្តសៀមរាប៖ រថយន្តFUSO សណ្តោងស៊ីទែនមួយគ្រឿង ស្មានតែដឹកសាំង ដឹងអី ដឹកឈើសោះ ពេលសមត្ថកិច្ចឃាត់ អ្នកបើកបររត់គេចខ្លួនបាត់…សង្ស័យតែដឹកឈើខុស ។

សមត្ថកិច្ចបានឃាត់រថយន្តFUSO សណ្តោងស៊ីទែននោះ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា រថយន្តម៉ាក FUSO សណ្តោងស៊ីទែននោះ ពាក់ផ្លាកលេខ ភ្នំពេញ ៣C-២៨៥៩ ពណ៌ស ឆ្នូតក្រហមខៀវសង្ស័យដឹកជញ្ជួនឈើ គ្មានលិខិតអនុញ្ញាត បានចេញពីខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប ។

ក្រោយពីឃាត់រថយន្ត អ្នកបើកបរបានគេចខ្លួនបាត់ បន្សល់ទុករថយន្តចោល។ ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញប្រភេទឈើដុំមួយចំនួន មិនទាន់ដឹងពីបរិមាណ ។ រថយន្ត និងឈើខាងលើត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្ទាយស្រី រក្សាទុកដើម្បីត្រួតពិនិត្យវាស់វែងជាក់ស្តែង៕