រាជធានី​ភ្នំពេញ ៖ បុរស​ញៀន​ថ្នាំ​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ ពាក់ព័ន្ធ​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ​ទី​១ ធូ សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២ ឈ្មោះ ឃិ​ន ខុំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទាំង​២​នាក់​) ។ ចំណែកឯ​ជន​រង​គ្រោះ មានឈ្មោះ ង​ន តុង​អាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ។

ជន​រង​គ្រោះ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​យប់ មាន​ក្រុម​ចោរ​មក​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​របស់​គាត់ ១​គ្រឿង (០១​គូ មុខ​និង​ក្រោយ​) ។ លុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា​នេះ គាត់​បាន​ប្រទះ​ឃើញ​ចោរ​២​នាក់ បាន​មក​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​របស់​គាត់​១​គ្រឿង​ទៀត ទើប​គាត់​ប្តឹង​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​មក​ស្ទាក់​ចាប់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ បាន​សារភាព​នូវ​ទ​ង្វើ​ខុសច្បាប់​របស់​ខ្លួន​ថា ពិតជា​បាន​លួច​ដោះ​យក​ស្លាក​លេខ​ឡាន​របស់​ជន​រង​គ្រោះ​ពិតមែន ដើម្បី​យក​ទៅ​លក់​ឲ្យ​គេ​បន្ត ក្នុង​តម្លៃ​រាប់រយ​ដុល្លារ ។

ជនសង្ស័យ​ទាំង​២​នាក់ ក្រៅពី​មានទោស​ពី​បទ​លួច​ទ្រព្យសម្បត្តិ​គេ គឺ​នៅ​មានទោស​មួយ​ករណី​ទៀត គឺ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ៕