បាត់ដំបង៖ បុរសម្នាក់ ខណៈធ្វើដំណើរទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃ ក្នុងមូលដ្ឋានចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីនប្រភេទ៦៩ បណ្ដាលឲ្យដាច់ជើងខាងស្តាំ ។

បុរសដែលជូបគ្រោះថ្នាក់នេះមានឈ្មោះ ពុធ វ៉ាន់ ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពេលជួបឧប្បត្តិហេតុនេះបានបណ្តាលឱ្យជើងខាងស្តាំរបស់គាត់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ(ដាច់ជើងខាងស្តាំ)។

ដោយសារស្ថានភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វើដំណើរចាប់តាំងពីពេលកើតហេតុ សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនាំយករូបគាត់មកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។

សូមជម្រាបជូនថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីតសមរភូមិប្រយុទ្ធពីអតីតកាលនៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡើយ ហើយបញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលមានមុខរបរ ចេញ ចូលនៅចំណុចឬទីតាំងទាំងនោះ៕