បរទេស៖ Blanche Monnier គឺជាក្មេងស្រីស្រស់ស្អាតបំផុតម្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ នាងកើតនៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ១៨៤៩ នាទីក្រុង Poitiers ក្នុងគ្រួសារអភិជនមួយ ក្រៅពីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក៏មានមុខមាត់ និងឥទ្ធពលខ្លាំង ផងដែរក្នុងសង្គម ។

យោងតាមទិដ្ឋភាព Blanche Monnier គឺជាក្មេងស្រី ដែលមានសំណាងបំផុត ព្រោះនាងមានអ្វីគ្រប់យ៉ាងដែលមនុស្សទូទៅតែងតែប្រាថ្នាចង់បាន ដូចជាសម្រស់ស្រស់ស្អាតគ្មានទាស់ពីធម្មជាតិ និងជាកូនស្រីក្នុងគ្រួសារអភិជនទៀតផង ។ ប៉ុន្តែផ្ទុយទៅវិញ Blanche Monnier មិនបានសោយសុខនៅក្នុងសម្បត្តិរបស់នាងឡើយក្នុងមួយជីវិតរបស់នាង ហើយក៏ថែមទាំងវេទនាជាងមនុស្សសាមញ្ញទូទៅក្នុងទីក្រុងផងដែរ ។

ខាងក្រោមនេះ គឺជារឿងពិតទាក់ទងនឹងខ្សែជីវិតរបស់ Blanche Monnier ដែលវាបានក្លាយជាព័ត៌មានដ៏កក្រើកមួយពាសពេញប្រទេសបារាំងនាសម័យនោះ ។

ពេលដែល Blanche Monnier ចម្រើនវ័យពេញជំទង់ សម្រស់របស់នាងកាន់តែស្អាត ដាច់អស់ស្រីនានានៅទីក្រុងប៉ារីស ដែលជាហេតុនាំឲ្យមានប្រុសឈ្មោលក្នុងសង្គមជាន់ខ្ពស់ជាច្រើន តាមញ៉ែញ៉ង ភ្លូកទឹកភ្លូកដី ដោយទទួលបានសំបុត្រសុំក្ដីស្រឡាញ់ជាច្រើនពីសំណាក់ក្រុមមនុស្សទាំងនោះ ។

ដោយសារតែសកម្មភាពខាងលើ បានធ្វើឲ្យលោកស្រី Louise Monnier ជាម្ដាយរបស់នាង Blanche Monnier មិនពេញចិត្តជាខ្លាំង ហើយចាប់តាំងពីពេលនោះមក វត្តមានរបស់ Blanche Monnier ក៏បានបាត់ចេញពីទីក្រុងតែម្ដង ។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើនបានសួរដេញដោល អំពីដំណឹងរបស់ Blanche Monnier តែឪពុកម្ដាយរបស់នាងបាននិយាយថា កូនស្រីខ្លួនបានទៅសិក្សានៅឯសាលាក្រុមប្រឹក្សាភិបាលមួយ នៅចក្រភពអង់គ្លេស ហើយកាលវិភាគរបស់នាង គឺមិនងាយនឹងបានវិលមកប្រទេសបាំងវិញឆាប់ៗនោះទេ ។

ពេលវេលាចេះតែយូរទៅៗ សមល្មមនឹង Blanche Monnier អាចរៀនចប់ទៅហើយនោះ តែនៅពុំឃើញនាងត្រឡប់មកប្រទេសកំណើតដដែល ទើបឪពុកម្ដាយរបស់នាង បាននិយាយជាថ្មីថា Blanche Monnier ក្រោយពីរៀនចប់ នាងចង់ប្រើជីវិតរបស់នាងរស់នៅលើទឹកដីប្រទេស ស្កុតឡេន ។

តាមពិតអ្វីគ្រប់យ៉ាងគឺមិនដូច លោកស្រី Louise Monnier និងប្ដី និយាយទៅកាន់មហាជនឡើយ​ ។ តាំងតែពីដឹងថា Blanche Monnier ជានារីក្នុងទីចាប់អារម្មណ៍របស់មនុស្សប្រុសទូទាំងក្រុងរួចមក លោកស្រី Louise Monnier ជាម្ដាយ បានយកនាងទៅឃុំឃាំងក្នុងបន្ទប់បិទជិតមួយ មិនឲ្យនរម្នាក់ឃើញឡើយ ។ អ្វីដែលកាន់តែឃោឃៅទៀតនោះ លោកស្រីក៏បានបញ្ជារមិនឲ្យអ្នកបំរើទាំងអស់ចូលទៅសម្អាតបន្ទប់របស់ Blanche Monnier ឬក៏យកចំណីអាហារទៅឲ្យនាងឡើយ ដោយរបបអាហារត្រូវតែមានកំណត់ មិនឲ្យហូបឆ្ងាញ់ និងឆ្អែតតាមចិត្តចង់ឡើយ ។

២៥ឆ្នាំក្រោយមក នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ១៩០១ អគ្គមេធាវីទីក្រុងប៉ារីសបានទទួលលិខិតអនាមិកមួយដោយបញ្ជាក់ថាក្រុមគ្រួសារអភិជនខាងលើបានបង្ខាំងមនុស្សអស់រយៈពេល ២៥ឆ្នាំមកហើយ ។ សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ នៅមិនមានអ្នកស្រាវជ្រាវ ឬអ្នកនិពន្ធណាម្នាក់ ស្គាល់ពីអត្តសញ្ញាណម្ចាស់លិខិតអនាមិកមួយនោះឡើយ ដោយគ្រាន់តែប៉ាន់ស្មានថា អាចជាសមាជិកអ្នកបម្រើនៅក្នុងផ្ទះរបស់ឪពុកម្ដាយ Blanche Monnier នោះឯង ។

ទោះជាបានទទួលលិខិតមួយនេះហើយយ៉ាងណាក៏ដោយ ក៏អជ្ញាធរក្រុងនៅមិនទាន់ជឿជាក់នៅឡើយទេ ដោយសំអាងថា គ្រួសាររបស់លោកស្រី Louise Monnier ជាគ្រួសារថ្លៃថ្នូរ មានមុខមាត់ធំក្នុងសង្គម ហើយបើគ្រាន់តែផ្អែកលើលិខិតមិនច្បាស់ការប៉ុននេះ យកទៅឆែរឆេរផ្ទះរបស់ពួកគេ វាមិនមែនជារឿងងាយឡើយ ។

ត្បិតតែមិនជឿលើលិខិតអនាមិកមួយនេះ តែអជ្ញាធរក៏មានការសង្ស័យទៅលើការបាត់ខ្លួនរបស់ Blanche Monnier ដែរ ដូច្នេះហើយ ទើបពួកគេមានគម្រោងការណ៍មួយគឺ ធ្វើជាបង្គាប់ឲ្យមន្ត្រីអចលនៈទ្រព្យចុះទៅធ្វើរបាយការណ៍ពីផ្ទះរបស់គ្រួសារលោកស្រី Louise Monnier ។ នៅក្នុងប្រតិបត្តិការនោះ គេបានទៅដល់បន្ទប់ដែលឃុំឃាំង Blanche Monnier ដោយគ្រាន់តែដើរកាត់បន្ទប់នោះ ក៏ជះក្លិនស្អុយមកដល់ច្រមុះតែម្ដង ហើយបើសង្កេតអំពីមេសោរដែលចាក់ពីខាងក្រៅទ្វារបន្ទប់វិញ ក៏មានច្រែះកាន់ជាប់ក្ដាំងទៅហើយ អាចនិយាយបានថា បន្ទប់នេះត្រូវបានគេបោះបង់ចោលយូរឆ្នាំណាស់មកហើយ ។ ឃើញដូច្នេះ មន្ត្រីអចលនៈទ្រព្យព្រមទាំងមានវត្តមានរបស់ក្រុមមន្ត្រីមូលដ្ឋានផងនោះ ក៏បានកាត់សោរនោះចេញ ហើយគ្រាន់តែបើកទ្វារបន្ទប់ភ្លាមក្លិនស្អុយរលួយក៏ជះមកកាន់តែខ្លាំង សំឡេងជើងសត្វកណ្ដុរ កន្លាត រត់ប្រសេចប្រសាច កាត់លើពូករលួយមួយ និងខ្លួនប្រាណអាក្រាត របស់ស្ត្រីស្គម​កំព្រឹងសល់តែស្បែកដណ្ដប់ឆ្អឹង និងសក់វែងដល់កែងជើងម្នាក់ ដែលតាមពិតនាងជា Blanche Monnier នារីស្អាតដាច់គេ កាលពី ២៥ឆ្នាំ មុន ។

នាងបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងត្រូវបានគេដាក់ច្រវ៉ាក់អស់រយៈពេល ២៥ ឆ្នាំហើយ ហើយចំណីអាហារដែលគេផ្ដល់ឲ្យ គឺគ្រាន់តែហូបមួយរស់ៗប៉ុណ្ណោះ ។ ទម្ងន់របស់ Blanche Monnier នៅសល់តែ ២៥គីឡូក្រាម រីឯសុខភាពទ្រុឌទ្រោមខ្លាំងណាស់ នាងមិនអាចក្រោកឈរបានឡើយ ។ ភ្លាមៗនោះ ក្រុមការងារបានបញ្ជូន Blanche Monnier ទៅកាន់មន្ទីរពេទ្យ ហើយក្រុមវេជ្ជបណ្ឌិតបាននិយាយថា នេះជាសំណាងដ៏អស្ចារ្យមួយដែល Blanche Monnier អាចរស់បាន នៅក្រោមទារុណ្ឌកម្មដ៏ឃោឃៅនេះ ។

បន្ទាប់ពីរកឃើញករណីខាងលើលោកស្រី Louise Monnier ត្រូវបានចាប់ខ្លួន និងពន្ធនាគាររង់ចាំការកាត់ក្ដី តែក្រោយឃុំឃាំងបាន ១៥ថ្ងៃ​ អ្នកស្រីក៏បានស្លាប់ដោយសារជំងឺបេះដូង ។ ចំណែក Marcel Monnier ជាប្អូនប្រុសរបស់ Blanche Monnier ព្យាយាមបដិសេធថា រឿងរាវគ្រប់យ៉ាងគឺម្ដាយរបស់គេជាអ្នកប្រព្រឹត្តមិនពាក់ព័ន្ធជាមួយរូបគេឡើយ ។ ទោះជាយ៉ាងណាក្ដី Marcel Monnier ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ។​ សូមបញ្ជាក់ថា នៅពេលកាត់ទោស គេមិនបានលើកពីឪពុករបស់ Blanche Monnier មកនិយាយឡើយ អាចគាត់ស្លាប់មុនពេលចាប់ខ្លួនក៏ថាបាន ។

ទោះជាចុងក្រោយ Blanche Monnier មានសេរីភាព និងទទួលបានយុត្តុិធម៌ចំពោះខ្លួនយ៉ាងណាក៏ដោយ ក៏ជីវិតរបស់នាង មិនបានរស់ស្រួលដែរ ព្រោះតែនាងបានទទួលរងនូវសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្នុងពេលដែលកំពុងជាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំ រហូតក្លាយជាមនុស្សវិកលចរិក និងត្រូវបានមើលថែដោយមន្ទីរពេទ្យវិកលចរិកមួយកន្លែង ហើយនាងបានស្លាប់នៅឆ្នាំ ១៩១៣ ៕

ប្រភព៖ medium