ខេត្តតាកែវ៖ មន្ត្រីក្រសួងអប់រំម្នាក់ ដែលបម្រើការនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ «អប់រំ ខេត្តតាកែវ» រួចសរសេរសារបង្ហោះបង្ខូចឈ្មោះមន្ត្រីអប់រំ ចំនួន២នាក់ ដែលបម្រើការនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ដូចគ្នាយ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងអំពើពុករលុយ ។

លុះភាគីជនរងគ្រោះទាំង២នាក់ ស៊ើបដឹងអត្តសញ្ញាណអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះខ្លួន ក៏ដាក់ពាក្យបណ្តឹងឡើងតុលាការ ចាត់កាតាមផ្លូវច្បាប់ ធ្វើឲ្យមន្ត្រីអប់រំអន់ចរិតរូបនោះ ភ័យខ្លួនខ្លាចមានទោសទណ្ឌ ក៏ចេញមុខសារភាពកំហុសថា ខ្លួនជឿពាក្យញុះញង់របស់មេខ្លោងម្នាក់ទៀត ជាមន្ត្រីអប់រំដូចគ្នា។

មន្ត្រីអប់រំអន់ចរិត ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ «អប់រំ ខេត្តតាកែវ» សរសេរសារបង្ហោះបង្ខូចឈ្មោះមន្ត្រីក្រសួងអប់រំ ដូចគ្នានេះ មានឈ្មោះជួន សុវណ្ណ ជាមន្ត្រីការិយាល័យធម្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។ ក្រោយពីភាគីជនរងគ្រោះដាក់ពាក្យបណ្តឹងឡើងតុលាការ ធ្វើឲ្យលោកជួន សុវណ្ណ ភ័យខ្លួន ក៏បានចេញមុខសារភាពកំហុសថា គឺខ្លួនចាញ់ឧបាយកលជឿគេញុះញង់ ទើបរួមដៃជាមួយឈ្មោះ ជួន ចន្នី ជាមេខ្លោង និងអតីតប្រធានការិយាល័យមធ្យមសិក្សាចំណេះដឹងទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ រៀបចំផែនការ សរសេរសារបង្ហោះហ្វេសប៊ុក បង្កឲ្យមានការយល់ច្រឡំ ទៅលើមន្ត្រីបម្រើការនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ចំនួន២រូប គឺលោកយន់ យ៉ុង និងលោកផូ កែវរស្មី ពាក់ព័ន្ធជាមួយអំពើពុករលួយ ដើម្បីចង់បានតំណែងចាស់មកវិញ។

ជាមួយគ្នានោះ មន្ត្រីអប់រំអន់ចរិតរូបនោះ បានសូមទោសជនរងគ្រោះទាំង២នាក់ តែយ៉ាងណា គេមិនទាន់ដឹងថា ជនរងគ្រោះទាំង២នាក់ ព្រមលើកលែងទោសឲ្យ ឬអត់ទេ ហើយក៏មិនដឹងថា លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានចំណាត់ការបែបណា ចំពោះលោកជួន សុវណ្ណ និងលោកជួន ចន្នី ដែលរួមដៃគ្នាបង្ខូចឈ្មោះមន្ត្រីអប់រំដូចគ្នាដែរ។

សូមបញ្ជាក់ថា បុគ្គលឈ្មោះជួន ចន្នី អតីតប្រធានការិយាល័យមធ្យមសិក្សាចំណេះដឹងទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ។ តែជននេះ ត្រូវក្រសួងអប់រំ ដកចេញតំណែង និងឲ្យទៅបម្រើការងារនៅសាលាវិទ្យាល័យអង្គតាគោក តាំងពីដើមខែមេសា ក្រោយមានពាក្យបណ្តឹងពីក្រុមគ្រូបង្រៀនប្តឹងទៅក្រសួងអប់រំ ពីបទឆបោកប្រាក់គ្រូបង្រៀន។

ជុំវិញនឹងករណីនេះ «KBN»មិនអាចសុំការបំភ្លឺពីលោកជួន ចន្នី បានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕