រាជធានីភ្នំពេញ៖ បុរសអ្នករត់កង់បីម្នាក់ ត្រូវពលរដ្ឋប្រទះឃើញដេកសន្លប់ស្តឹងនៅលើម៉ូតូកង់បី សង្ស័យត្រូវគេដាក់ថ្នាំសណ្តំ យកទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកាំកូស៊ីធី ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី។

បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអ្នករត់កង់បី ម៉ាកTVS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HU-5440។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ គេឃើញបុរសរត់ម៉ូតូកង់បីខាងលើ បានបើកមកឈប់នៅចំណុចខាងលើ ហើយបានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ ជាអ្នកជិះម៉ូតូកង់បីមួយប្រាវ និងបន្តិចក្រោយមក ស្រាប់តែបុរសរត់ម៉ូតូកង់បីបានដួលសន្លប់ស្តូក នៅលើម៉ូតូកង់បីរបស់ខ្លួន តែមិនមានអ្នកណាម្នាក់ហ៊ានចូលទៅជួយទេ។

ប្រភពបន្តថា បន្តិចក្រោយមក នារីរូបនោះបានយកថង់ចំនួន២ ពីលើម៉ូតូកង់បី យួរដើរសំដៅទៅម្តុំអង់តែនទួលគោកបាត់ទៀត រីឯបុរសរងគ្រោះបានដេកសន្លប់រហូត លុះព្រឹកឡើង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ហើយបានទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកបុរសខាងលើទៅសង្គ្រោះ ចំណែកកង់បី ត្រូវសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ ៕