ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំឈ្វាំង ឃុំទំនប់ធំ និងឃុំជ្រៃលាស់ ស្រុកពញាឮ បាននាំគ្នាមកធ្វើការតវ៉ាស្នើសុំឲ្យអាជ្ញាធរស្រុកជួយជួយអន្តរាគមន៍ ក្រោយពីបុគ្គលឈ្មោះផេង សុង យកគ្រឿងចក្រ(អាអ៊ិច) មកកាយផ្តាច់ផ្លូវលំក្រួសក្រហម១ខ្សែចំនួន៥កន្លែង មិនឲ្យពលរដ្ឋធ្វើដំណើរបាន។

ប្រជាពលរដ្ឋដែលនាំគ្នាមកធ្វើការតវ៉ានោះ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ផ្លូវមួយខ្សែនេះ ជាផ្លូវរទេះមានតាំងពីមុនសម័យរបបប៉ុលពតមកម្ល៉េះ លុះក្រោយមកមានសប្បុរសជនម្នាក់ឈ្មោះស្វាយ សំអឿន បានធ្វើផ្លូវនេះដោយក្រាលក្រួសក្រហម តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយអាជ្ញាធរមូលដ្ឋាន ក៏បានដឹងឮ និងចុះវាស់វែងត្រឹមត្រូវទៀតផង ។ តែក្រោយមក ស្រាប់តែមានបុគ្គលឈ្មោះ ផេង សុង យកគ្រឿងចក្រ(អាអ៊ិច)មកកាយផ្តាច់ចំនួន៥កន្លែង មិនអាចឲ្យពលរដ្ឋធ្វើដំណើរបាន ដោយអះអាងថា ធ្វើផ្លូវលើដីរបស់គាត់។

ប្រជាពលរដ្ឋបន្តថា ផ្លូវនេះមានសារៈសំខាន់ណាស់ ជាដង្ហើមសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត ដឹកទំនិញចេញចូល ជាពិសេសកម្មកររោងចក្រ ព្រោះវាមានភាពងាយស្រួល និងចំណេញពេលវេលា បើធ្វើដំណើរវាងតាមផ្លូវ៥១ គឺវាយឆ្ងាយណាស់។ ហេតុដូច្នោះហើយ ពួកគាត់សូមស្នើសុំឲ្យអាជ្ញាធរស្រុកជួយដោះស្រាយធ្វើយ៉ាងណាឲ្យឈ្មោះផេង សុង កាយលុបសំអាតផ្លូវឲ្យរៀបស្មើវិញ សម្រាប់ឲ្យពួកគាត់ធ្វើដំណើរបានឡើងវិញ។
លោកប្រធានភូមិតាគោក បានឲ្យដឹងថា ភូមិបាលស្រុក បានកាត់ផ្លូវនេះចំនួន៤ម៉ែត្រម្ខាង ហើយផ្លូវនេះមាននៅក្នុងប្លង់ដីរបស់ឈ្មោះផេង សុង ទៀត ចុះមូលហេតុអ្វីបានជាមិនឲ្យគេធ្វើផ្លូវ។ លោក ក៏បានសំណូមពរសូមឲ្យអ្នកកាយធ្វើផ្លូវឲ្យស្អាតឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដែលធ្វើការរោងចក្របានធ្វើដំណើរបានស្រួលឡើងវិញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដឹកកសិផលផ្សេងៗ។

ជុំវិញនឹងករណីបុគ្គលឈ្មោះ ផេង សុង កាយផ្តាច់ផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរនេះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានថ្លែងប្រាប់អ្នកកាសែតថា លោកបានទទួលដំណឹងនេះហើយៗនៅព្រឹកថ្ងៃនេះ លោកបាន ចាត់ចែងឲ្យលោកអភិបាលរងស្រុកចុះទីពិនិត្យហើយ ដើម្បីការដោះស្រាយបន្ត។
ជុំវិញនឹងការចោទប្រកាន់នេះ «KBN» នៅមិនទាន់សុំការបកស្រាយពីលោកផេង សុង បានទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕