រាជធានីភ្នំពេញ៖ អតីតតារាកំប្លែងនាងឃ្មីប និងជាអតីតតារាកំប្លែងនាយហុង ដា ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនជាមួយនឹងក្មេងស្ទាវ៦នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទល្មើសចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង៥ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបទល្មើសគ្រឿងញៀននេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាជាលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ ព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ដោយចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ក្នុងនោះ មានអតីតតារាកំប្លែង នាងឃ្មឹប ម្នាក់ដែរ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផងដែរ។

ជនសង្ស័យទាំង៧នាក់ រួមមាន៖ ទី១-ឈ្មោះឈួន សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ) ។ ទី២-ឈ្មោះឈួន រ៉ាទី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។ ទី៣-ឈ្មោះវណ្ណា វណ្ណី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ (ប្រើប្រាស់) ។ ទី៤-ឈ្មោះរ៉េន សុធារី (ហៅ ឃ្មឹប អតីតតារាកំប្លែង) ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។ ទី៥-ឈ្មោះប្រាក់ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ទី៦-ឈ្មោះមុត បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់) ។ ទី៧-ឈ្មោះម៉ៅ ម៉ាប់ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។

ចំណែកវត្ថុតាងដកហូត រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។ ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕