បុគ្គលិក​ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន​ឆាប់​ៗ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែលត្រូវបានសារព័ត៌មាន Businessinsider ដកស្រង់ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។

ក្រុមហ៊ុន Apple បាន​និយាយ​ថា នឹង​ឱ្យ​បុគ្គលិក​វិល​ត្រឡប់​ចូល​ធ្វើការ​នៅ​ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។ ការ​ប្រកាស​របស់​ក្រុមហ៊ុន Apple ដែល​នឹង​អនុញ្ញាតិ​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន​វិញ ខុស​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា Facebook និង Google ដែល​ឱ្យ​បុគ្គលិក​ធ្វើការ​នៅផ្ទះ​នៅឡើយ ។

សម្រាប់​ក្រុមហ៊ុន​យក្ស Facebook នឹង​ចាប់ផ្តើម​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​នៅ​ដើមខែ​កក្កដា រីឯ Google បាន​ប្រាប់​ថា បុគ្គលិក​របស់​ខ្លួន​ទំនងជា​នឹង​ធ្វើការ​ពី​ផ្ទះ​រហូត​ដាច់​ឆ្នាំ​នេះ ឬ​អាច​នឹង​វិល​ត្រឡប់​ចូល​ធ្វើការ​នៅ​ការិយាល័យ​បាន​នៅ​ខែកក្កដា ប្រសិនបើ​ស្ថានភាព Covid-19 អាច​គ្រប់គ្រង​បាន ៕

ប្រភព ៖ Businessinsider