រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តអំពាវនាវឲ្យពលរដ្ឋន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។
តាមរយៈសំណេរលើហ្វេសប៊ុកនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកើនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្ដេចបន្តថា” ចំពោះនៅប្រទេសយើងវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ ឬទឹកអាល់កុល ឬចឹលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះ ងាយឆ្លងលឿនណាស់ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

ជាមួយគ្នានោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរពលរដ្ឋជួបតែសេចក្តីសុខ និងបានចៀសផុតពីជំងឺទាំងពួង៕