ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងជាស្រវឹងស្រាមកពីទីណាទេ ជិះម៉ូតូលឿនពេក បានជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យភាគីខាងរ៉ឺម៉កដឹកបន្លែ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ហើយជនបង្កថែមទាំងជេរសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានថែមទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 យ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។ ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ 1G-0824 ដែលបើកបញ្រ្ចាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីរ៉ឺម៉កដឹកបន្លែ រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ស្រាប់តែយុវជនខាងលើជេរប្រមាថមកលើសមត្ថកិច្ច និងអ្នកសារព័ត៌មានយ៉ាងឆ្ងាញ់មាត់ទៅវិញ សមត្ថកិច្ចមូលដ្ឋានក៍នាំខ្លួនយុវជនឈ្លើយនេះទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមច្បាប់តែម្ដង ។

ចំណែកម៉ូតូ និងរ៉ឺម៉កសណ្ដោង ត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕