ខេត្តកំពង់ធំ ៖ ដោយសារតែមេឃមិនទាន់មានភ្លៀងធ្លាក់ បានធ្វើឲ្យទឹកស្ទឹងសែន រីងស្ងួតនៅតាមចំណុចមួយចំនួន ពិសេសនៅក្នុងស្រុកកំពង់ស្វាយ ដែលធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់ពាន់ហិចតារខ្វះទឹក ប្រឈមនឹងស្វិតងាប់។

លោកព្រំ ឃុត ជាពលរដ្ឋរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ដំណាំស្រូវរបស់ពលរដ្ឋរាប់ពាន់គ្រួសារកំពុងខ្វះទឹក បន្ទាប់ពីទឹកស្ទឹងសែនរីងស្ងួតនៅតាមចំណុចមួយចំនួន និងប្រសិនបើក១សប្តាហ៍ទៀត បើគ្មានភ្លៀងធ្លាក់ទេ ស្រូវរាប់ពាន់ហិកតារនឹងចាប់ផ្តើមងាប់ជាបណ្តើរៗហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងជំពាក់បំណុលធនាគារ។

ជុំវិញនឹងបញ្ហាខ្វះទឹកនេះ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានឲ្យដឹងថា បញ្ហាទឹកស្ទឹងសែនរីងស្ងួតដល់បាត់ស្ទឹងនេះ លោកមិនមានទិន្នន័យច្បាស់លាស់ទេ ។ ចំពោះការប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋចូលពាន់គ្រួសារ ក្រុមការងារបានរកជំនួយពីមន្ត្រីខេត្ត និងថ្នាក់ជាតិហើយ។

លោក ឃុន សុខា អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ករណីកង្វះទឹកនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ ខាងធនធានទឹក និងមន្ត្រីជំនាញខេត្ត កំពុងចុះសិក្សាស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ៕