ខេត្តកំពង់ចាម ៖ រថយន្តម៉ាកហ៊ីណូ ១គ្រឿង វាក់ជាមួយរថយន្តមួយគ្រឿងទៀត ជាន់ហ្វ្រាំងបង្ខំបណ្តាលអោយក្បាលរថយន្តប៉ះនឹងប៊ីដុងដាក់ប្រេងធ្លាយ បង្កឲ្យឆាបឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង១១៖២០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចំណុចមុខមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខកំពង់ចាម 3A-8193 បើកបរដោយឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឬស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ រថយន្តខាងលើបានបើកបរលើផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានវាក់នឹងកូនរថយន្តមួយគ្រឿងបង្អង់ល្បឿនបត់ឆ្វេង ហើយជាន់ហ្វ្រាំងបង្ខំ បណ្ដាលឲ្យក្បាលរថយន្តប៉ះនឹងប៊ីដុងប្រេងចំនួន០៣កាន ដែលដាក់នៅខាងក្រោមកាប៊ីន ធ្លាយឆ្លងឆាបឆេះសន្ធោសន្ធៅតែម្តង ។

ភ្លាមៗនោះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ ដោយប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ៕