ខេត្តស្វាយរៀង៖ បុរសជាប្ដីម្នាក់ផឹកចំស្រាប្រចណ្ឌ ប្រើហិង្សាវាយប្រពន្ធបណ្ដាលឱ្យសន្លប់ស្តូកស្តឹង ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ នៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល ។

ជនសង្ស័យឈ្មោះអ៊ុ សាបន អាយុ៤៧ឆ្នាំ មុខរបរកសិករ ។ ចំណែកស្រីរងគ្រោះជាប្រពន្ធឈ្មោះខៀវ ស៊ាម អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសជាប្ដីពេលផឹកស្រាស្រវឹងម្ដងៗតែងតែរករឿងប្រពន្ធដោយសារប្រចណ្ឌនឹងអ្នកភូមិជាមួយគ្នា។

មុនពេលកើតហេតុ បុរសជាប្ដីផឹកស្រាស្រវឹង ក៍មានជម្លោះពាក្យសម្តីជាមួយប្រពន្ធយ៉ាងខ្លាំង រហូតឈានដល់ប្រើហិង្សាដាក់គ្នា ដោយប្ដីបានវាយប្រពន្ធនឹងដង្កាប់សោបណ្ដាលឱ្យបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងទៅលើដី ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្រ្គោះ។

ក្រោយពេលកកើតហេតុ ជនសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុស្សមន ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕