យោង​តាម​ប្រភព AF បានឱ្យ​ដឹង​ថា សម្រាប់​វិស័យ​បាល់ទាត់​ផ្នែក​បុរស​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​គិត​ចាប់តាំងពី​បាន​បង្កើត​ឡើង​ដំបូង​កាលពី​ឆ្នាំ​១៨៤០​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​បន្សល់​ទុក​នូវ​កំណត់​ត្រា​អស្ចារ្យ​ចំនួន​៥​ដែល​នៅ​មិន​ទាន់​មាន​កីឡាករ និង​ក្លឹ​ប​ធំ​ៗ​ណា​បំបែក​បាន​នៅឡើយ​នោះ​ទេ ។

កំណត់​ត្រា​ទី​១- ក្លឹ​ប​ឈ្នះ​ពាន Champions League ៥​សម័យកាល​ជាប់​គ្នា

Real Madrid គឺជា​ក្លឹ​ប​យក្ស​មួយ​ដែល​បាន​ឈ្នះ​ពានរង្វាន់​អឺរ៉ុប UEFA Champions League ចំនួន​៥​សម័យកាល​ជាប់​គ្នា​កាលពី​ឆ្នាំ​១៩៥៦​ដល់​ឆ្នាំ​១៩៦០ តាំងពី​ជំនាន់​ពាន Champion League ត្រូវ​បាន​គេ​ហៅ​ថា​ពាន European Cup រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ក្លឹ​ប​យក្ស​ណា​អាច​បំបែក​កំណត់​ត្រា​អស្ចារ្យ​របស់ Real Madrid មួយ​នេះ​នៅឡើយ​នោះ​ទេ ។

កំណត់​ត្រា​ទី​២ – គ្រាប់​បាល់​ច្រើន​បំផុត​នៅ World Cup

កាលពី​ឆ្នាំ​១៩៥៨ ដែល​ជា​រាជ​កាល​របស់​វីរបុរស​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​លោក Pele ជួយ​ប្រេ​ស៊ី​ល​លើក​ពាន World Cup ជា​លើក​ដំបូង មាន​អតីត​កីឡា​ជើង​ចាស់​ម្នាក់​គឺ​លោក Juse Fontaine បាន​បង្កើត​កំណត់​ត្រា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ត្រឹមតែ​៦​ប្រកួត​ប៉ុណ្ណោះ​រកបាន​ដល់​ទៅ​១៣​គ្រាប់ ។ កំណត់​ត្រា​ស៊ុត​ប​ញ្ជូ​ល​ទី​នេះ​នៅ​មិន​ទាន់​ឃើញ​មាន​កីឡាករ​ណា​អាច​បំបែក​បាន​នៅឡើយ​នោះ​ទេ​សូ​ម្បី​តែ Ronaldo Nazario របស់​ប្រេ​ស៊ី​ល​ក៏​មិន​អាច​បំបែក​បាន​ដោយ​រកបាន​ត្រឹមតែ​៨​គ្រាប់​ប៉ុណ្ណោះ​កាល​ឆ្នាំ ២០០២ ។

កំណត់​ត្រា​ទី​៣- គ្រូបង្វឹក​ដែល​ឈ្នះ​ពាន​ច្រើន​បំផុត

អ្នក​ដែល​កាន់​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​នេះ​គឺ​គ្រូ​តា Sir Alex Ferguson ដែល​លោក​អាច​ធ្វើ​បាន​កាល​សម័យកាល​ដឹកនាំ​នៅ Man Utd និង​ក្លឹ​ប​ចាស់​ផ្សេង​ទៀត ធ្វើ​ឱ្យ​គ្រូ​តា Sir Alex Ferguson បាន​ឈ្នះ​បាន​ដល់​ទៅ​៤៨​ពាន​ឯណោះ ។

កំណត់​ត្រា​ទី​៤- អ្នក​ចូល​ទស្សនា​នៅ​កីឡដ្ឋាន​ច្រើន​បំផុត

កាលពី World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​១៩៥០ នៅ​ឯ​កីឡដ្ឋាន Maracana Stadium ក្នុង​ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល និង​អ៊ុយ​រុយ​ហ្គា​យ​មាន​អ្នក​ទស្សនា​សរុប​ប្រមាណ​ជាង ២២០០០០ នាក់​ឯណោះ ។

កំណត់​ត្រា​ទី​៥- គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​មួយ​ឆ្នាំ

តារា​ឆ្នើម​ខ្សែប្រយុទ្ធ​ប្រចាំ​ក្រុម​ជម្រើសជាតិ​ពពក​.​ក​អា​ហ្ស​ង់​ទី​ន និង​ក្លឹ​ប​អ្នកមាន​បុណ្យ FC Barcelona កីឡាករ Lionel Messi កាលពី​ឆ្នាំ ២០១២ បាន​បង្កើត​កំណត់​ត្រា​អស្ចារ្យ​មួយ​ដោយ​រក​គ្រាប់​បាល់​ក្នុង​១​ឆ្នាំ​បាន​ដល់​ទៅ​៩១​គ្រាប់​ដែល​បូក​ទាំង​ការ​លេង​ឱ្យ​ក្លឹ​ប Barcelona និង​នៅ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។ ដោយ​វា​ជា​កំណត់​ត្រា​យកឈ្នះ​លើ​អ្នក​កំណត់​ត្រា​ចាស់​របស់​លោក Gerd Muller ធ្វើ​បាន ៨៥ គ្រាប់​៕