ខេត្តស្វាយរៀង៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់រោទ៏,ស្រុកចន្ទ្រា និង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ដែលបានគំរាមសម្លុតយកម៉ូតូពីនារីម្នាក់បានសម្រេចនៅត្រង់ព្រំប្រទល់ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា នោះហើយ។

ជនសង្ស័យទី១ឈ្មោះស៊ុ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឬស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ និងទី២ឈ្មោះ ផៃ ធា អាយុ២៣ឆ្នាំ នៅភូមិសម្ពោធស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត។
កាលពីវេលាម៉ោង៨និង១១នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ប៉ុស្ត៏រដ្ឋបាលសំយ៉ោង ទទួលសេចក្ដីរាយការណ៏ពីលោកមេឃុំសំយ៉ោង ថា មានជនមិនស្គាល់មុខ២នាក់បានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ មកផ្ញើអ្នកភូមិម្នាក់ កាលពីយប់ម៉ោង៩យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដោយប្រាប់ថាម៉ូតូអស់សាំង ។ក្រោយត្រួតពិនិត្យ សមត្ថកិច្ចឃើញថាម៉ូតូនោះ ពិតជាម៉ូតូដែលជនសង្ស័យប្លន់នៅភូមិតាប៉ោខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ពិតប្រាកដមែន និងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ឈ្មោះស៊ុ ចាន់ណា ។

ក្រោយសមត្ថកិច្ចសាកសួរអស់រយៈពេលជាច្រើនម៉ោង ទើបជនសង្ស័យឈ្មោះស៊ុ ចាន់ណា ឆ្លើយសារភាពប្រាប់ថាខ្លួនមានបក្ខពួកម្នាក់ទៀតឈ្មោះ ផៃ ធា អាយុ២៣ឆ្នាំ នៅភូមិសម្ពោធស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផៃ ធា បានម្នាក់ទៀត ព្រមទាំងដកហូតម៉ូតូអ៊ិចស្ទ័រ ពណ៌ខ្មៅខៀវ ១គ្រឿង ដែលជិះធ្វើសកម្មភាពផងដែរ។

កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងលិចវត្តកោះដូនសយ ចម្ងាយប្រហែល១១០០ម៉ែត្រ ក្នុងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ មានស្ត្រីម្នាក់ឈ្មោះយ៉ាន មាសស្នេហ៏ អាយុ២៣ឆ្នាំ ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង គំរាមសម្លុតប្លន់យកម៉ូតូហុងដាសេ១២៥មួយគ្រឿង ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១O ៧៧៣៥ បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន៕