រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ ។

ការ​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ស្តាប់​ចម្លើយ​លោក ម៉ៃ តុលា ចប់​សព្វគ្រប់​ពាក់​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ថវិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។

លោក​គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ខ្លួន​លោក ម៉ៃ តុលា មក​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា​នេះ ហើយ​ព្រះរាជអាជ្ញា​កំពុង​តែ​ធ្វើការ​សាកសួរ ។

លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​កម្លាំង​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ ។ បន្ទាប់​ពី​សាកសួរ​យក​ចម្លើយ​រួច ប៉េ​អឹ​ម​បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕