កីឡា ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គ្រោង​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ជាង​១០០​នាក់ មក​ពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​១២ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដើម្បី​សម្រួច​សមត្ថភាព​ដល់​កីឡាករ ត្រៀម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍ SEA GAMES 2023 ។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា ដោយ​ការ​ចង្អុលបង្ហាញ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម ២០២៣ បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី ហើយ​យើង​ក៏​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ ។

អគ្គលេខាធិការ បាន​បន្ត​ថា ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កីឡាករ​-​កីឡាការិនី អាច​នឹង​ចេញ​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ប៉ុន្តែ​បើ នៅ​មាន​បញ្ហា​ទាក់ទង​នឹង​មេរោគ​កូ​វី​ដ​១៩ នឹង​អាច​លើក​ទៅ​ខែមីនា ឆ្នាំ​២០២១​វិញ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា ពេល​ចេញ​ទៅ​ដល់​ប្រទេស​ចិន គេ​នឹង​រៀបចំ​ឲ្យ​កីឡាករ​ទាំងអស់​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ ៕