ខេត្តប៉ៃលិន៖ បុរសម្នាក់ជាកូនប្រសាលោកមេភូមិទួលខ្ពស់ ជិះម៉ូតូចាស់១គ្រឿង គ្មានផ្លាកលេខ និងកញ្ចក់ ហើយមិនពាក់មួកសុវត្ថិភាពទៀត ត្រូវសមត្ថកិច្ចនគរបាលផាកពិន័យអស់ប្រាក់ជាង១០ម៉ឺនរៀល ក៍កើតការខឹងសម្បារ និងគ្មានលុយឲ្យផងនោះ ក៏ដុតម៉ូតូខ្លួនឯងចោលតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ កន្លះព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

បុរសចិត្តក្ដៅដូចផ្ទុះភ្នំភ្លើងនោះ ឈ្មោះ ដូង វិឆ័យ អាយុ៣៣ឆ្នាំ មានស្រុកកំណើតរស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ និងជាកូនប្រសាលោកមេភូមិទួលខ្ពស់ ។

លោក ង៉ែត ទូច ជាមេភូមិទួលខ្ពស់ ត្រូវជាឪពុកក្មេកបុរសខាងលើ បានប្រាប់ឲ្យដឹងថា កូនប្រសាគាត់ទើបទិញម៉ូតូស៊េរីចាស់ ឆ្នាំ១៩៩៧មួយគ្រឿង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្នុងតម្លៃ១៣ម៉ឺនរៀលហើយមិនទាន់បានឱ្យប្រាក់គេគ្រប់នោះទេ។ លុះនៅព្រឹកកើតហេតុ កូនប្រសាររបស់គាត់ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ រួចធ្វើការផាកពិន័យ ករណីមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានផ្លាកលេខ និងកញ្ចក់សរុប១០ម៉ឺនរៀល។ ដោយសារខឹងសមត្ថកិច្ចស្ទាក់ចាប់ និងគ្មានលុយបង់ពិន័យឲ្យផង កូនប្រសាគាត់ បានដុតម៉ូតូនោះឆេះហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ ទាំងព្រឹកតែម្ដង ។

រហូតមកទល់ពេលនេះ កូនប្រសាគាត់បានរត់គេចខ្លួន ទៅខេត្តផ្សេងបាត់ហើយ មិនទាន់បានចូលខ្លួនមកសុំទោសសមត្ថកិច្ច នៅទ្បើយទេ៕