រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ចប់តួនាទីមន្ត្រីរបស់ខ្លួន ៤នាក់ ដែលបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថាមន្រ្តីទាំង ៤រូបនោះរួមមាន៖ លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ដែលត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។

ដោយឡែកចំពោះ លោក ម៉ៃ តុលា ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើ ពុករលួយទៅតុលាមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានជម្រាបជូន ដើម្បីឲ្យបងប្អូនអ្នកសេ្នហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានតាមការគួរផងដែរ៕