ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ពេលចុះល្បាតដល់ចំណុចព្រះអង្គធំ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ បានជួបការតាំងលក់សំណាកសត្វព្រៃ១កន្លែង រួមមានក្បាលសត្វកែះ ភ្លុកសត្វក្លែងក្លាយ ឈាមសត្វក្លែងក្លាយ និងគ្រោងឆ្អឹងសត្វក្លែងក្លាយ ក៏រឹបអូសយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការខ្នងភ្នំ ។

មន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ពេលមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃបឹងពែ ល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាមបទល្មើសធនធានធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានជួបករណីដាក់តាំងលក់សំណាកសត្វព្រៃ១កន្លែង រួមមានក្បាលសត្វកែះក្លែងក្លាយ ១ក្បាល ទម្ងន់០,៨គីឡូក្រាម ភ្លុកសត្វក្លែងក្លាយ ១០ភ្លុក ឈាមសត្វក្លែងក្លាយ ១លីត្រ និងគ្រោងឆ្អឹងសត្វក្លែងក្លាយ ២,១គីឡូក្រាម ។

ប្រភពបន្តថា វត្ថុតាងទាំងនោះ ត្រូវមន្ត្រីឧទ្យានុរក្សភ្នំគូលែន បានរឹបអូយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការខ្នងភ្នំ និងនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ រីឯអ្នកលក់បានរត់គេចខ្លួនបាត់៕